
កំពង់ឆ្នាំង៖ លោក អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ បានទាត់ចោលបណ្តឹងលោក លី ផេង មេឈ្មួញដី បង្ករហានិភ័យដល់ពលរដ្ឋ៣៧គ្រួសារ ដែលបានប្តឹងលោក ឈួរ ថន ចៅសង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង។
លិខិតលោក អង មង្គល ជួសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយយោងចំណារឯកភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដែលលោក លី ផេង បានប្តឹងលោក ឈួរ ថន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ពីបទ«សមគំនិតក្នុងអំពើលួចលក់អចលនវត្ថុអ្នកដទៃ និងអនុវត្តខុសតួនាទីរដ្ឋបាល»។ ក្រោយពិនិត្យបណ្តឹងមេឈ្មួញដី លី ផេង រួចមក ក្រសួងមហាផ្ទៃ បានច្រានចោល និងបញ្ជូលករណីនេះមកឲ្យអភិបាលខេត្តកំពង់ឆ្នាំង ពិនិត្យនិងដោះស្រាយជាសមត្ថកិច្ច រួចរាយការណ៏ជាលាយលក្ខណ៍អក្សរមកក្រសួងវិញ។

ក្នុងប្តឹងលោក លី ផេង ប្តឹងលោក ឈួរ ថន ដែលក្រសួងមហាផ្ទៃច្រានចោល បានលើកឡើងថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ ខ្លួនបានឲ្យឈ្មោះ ជុំ ណារិន យកប្រាក់ចំនួន៥,០០០ដុល្លា ទៅកក់ថ្លៃដីអោយឈ្មោះ ជៀម ហៃ។ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ទើបធ្វើឯកសារដឹងឮក្នុងការទិញ លក់ដី ដោយមានចុះហត្ថលេខាពីចៅសង្កាត់ខ្សាម និងសន្យាប្រគល់ប្រាក់បន្តនៅថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំនួន១០,០០០ដុល្លាសហរដ្ឋអាមេរិកបន្ថែមទៀត ដោយមានការចុះហត្ថលេខាដឹងឮពីមេភូមិ និងចៅសង្កាត់ខ្សាម ជាបន្តបន្ទាប់។ ក្នុងបណ្តឹងខ្លួនបានលើកឡើងទៀតថា នៅថ្ងៃទៅ១៥ ខែមករា ឆ្នាំ២០១៦ ខ្លួនបានប្រគល់ប្រាក់ឲ្យទៅឈ្មោះ អៀ គុយម៉ុង ដើម្បីកក់បន្ថែមទៅអោយឈ្មោះ ជៀម ហៃ ដែលមានចុះហត្ថលេខាដឹងឮពីមេភូមិ ចៅសង្កាត់ខ្សាមផងដែរ ហើយថាក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៦ លោក អៀ គុយម៉ុង បានយកដីរបស់ខ្លួនទៅលក់អោយប្រជាពលរដ្ឋ ដោយមានចៅសង្កាត់ខ្សាម លោក ឈួរ ថន ចុះហត្ថលេខាទទួលស្គាល់ទៀត។ ក្នុងករណីនេះហើយ ទើបមេឈ្មួញដី លី ផេង ប្តឹងលោក ឈួរ ថន ពីបទ«សមគំនិតក្នុងអំពើលួចលក់អចលនវត្ថុអ្នកដទៃ និងអនុវត្តខុសតួនាទីរដ្ឋបាល»។

យ៉ាងណាអ្វីដែលមេឈ្មួញដី លី ផេង បានលើកឡើងត្រូវបានលោក កែ រ៉ុន ដែលជាសាក្សីរស់ក្នុងរឿងនេះ បានលើកឡើងថា តាមពិត លី ផេង មិនមានលុយទិញដីពីលោក ជៀម ហៃ ឡើយ ដោយខ្លួនគ្រាន់តែជាអ្នកជំនួសក្នុងការកក់ប្រាក់បន្ត ដែលត្រូវម្ចាស់ដីពិតប្រាកដលោក សាយ សូ ប្រើតែប៉ុណ្ណោះ ក្នុងនាមមនុស្សស្គាល់គ្នា ហើយ លី ផេង និង អៀ គុយម៉ុង ក៏ជាមនុស្សមិនដែលស្គាល់គ្នាពីមុនមកដែរ មិនដូចអ្វីដែល លី ផេង បានសំអាងឡើយ។
ការពិតត្រូវបានបង្ហាញ ដីដែល លី ផេង គ្មានលុយទិញសំអាងថាជាដីខ្លួននេះ មានទំហំ៥.៥ហិតា ម្ចាស់ដើមឈ្មោះ ជៀម ហៃ ដែលបានលក់ទៅអោយលោក សាយ សូ និងបានកក់ប្រាក់ចំនួន២.០០០ដុល្លា តែការកក់នោះខាងអាជ្ញាធរមិនមានការដឹងឮឡើយ ជាការកក់ប្រាក់រវាងបុគ្គលនិងបុគ្គល និងសាក្សីគឺលោក កែ រ៉ុន នេះឯង។ ក្រោយមក លោក សាយ សូ បានយកលុយកក់បន្ថែមចំនួន៣.០០០ដុល្លា និងធ្វើលិខិតផ្ទេរសិទ្ធិអោយលោក ជុំ ណារិន ទៅកក់ជំនួស ហើយបានធ្វើកិច្ចសន្យាសរុបទាំងពីរលើក លើលិខិតតែមួយ សរុបចំនួន៥.០០០ដុល្លា ដោយមានការទទួលស្គាល់ត្រឹមត្រូវពីសំណាក់អាជ្ញាធរ ភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង។

ចំណែកលុយ១០.០០០ដុល្លា គឺលោក សាយ សូ បានឲ្យ លី ផេង ទៅកក់វិញម្តង តែការកក់នេះ លោក សាយ សូ មិនបានឲ្យលុយសុតមក លី ផេង ទេ ដោយលោក សាយ សូ បានឲ្យទៅបើកនៅ ឥន្ធទាន របស់ខ្លួន ដែលមានឈ្មោះ សូ ពន្លឺ ជាអ្នកប្រគល់ និងមានកិច្ចសន្យាទទួលប្រាក់ ព្រមទាំងស្នាមមេដៃ លោក កែ រ៉ុន និងលោក ហម គឹមហាន ដែលជាប្អូនប្រុសលោក ជៀម ហៃ ថែមទៀតផង។ ក្រោយមកការកក់ប្រាក់ជិតផុតកំណត់ លោក លី ផេង ក៏បានមកកក់ជាថ្មីទៀតចំនួន៥.០០០(ប្រាំពាន់ដុល្លា) បន្ថែម ដោយលោក លី ផេង មកតែខ្លួនទទេដូចលើកមុន ដោយលុយនេះ គឺ លី ផេង បានទៅយកនៅស្ថានីយន៏ប្រេងរបស់លោក សាយ សូ ។

និយាយមកដល់ចំណុចនេះ តាមរបាយការណ៏បំភ្លឺរបស់លោក ឈួរ ថន ចៅសង្កាត់ខ្សាម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ បានបង្ហាញថា ចំពោះការពាក់ព័ន្ធនិងការទិញលក់ដីទំហំ៥.៥ហិតា ដែលស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង គឺមានម្ចាស់ដីដើមឈ្មោះ ជៀម ហៃ និងឈ្មោះ ហម គឹម ហាន។ ដីនេះត្រូវបានម្ចាស់ដីដើមទាំងពីរនាក់បានលក់ទៅអោយឈ្មោះ សាយ សូ ដែលមានរូបលោកជាចៅសង្កាត់ធ្វើជាសាក្សីដឹងឮ បន្ទាប់មកទៀត ដីនេះត្រូវបានឈ្មោះ សាយ សូ លក់បន្តទៅអោយឈ្មោះ អៀ គុយម៉ុង ដែលមានរូបលោក ជាអាជ្ញាធរដឹងឮដូចគ្នា ហើយម្យាងទៀត លោកបានស្គាល់លុយចំនួន៥.០០០ដុល្លា ដែលឈ្មោះ លី ផេង បានយកមកប្រគល់អោយឈ្មោះ ជៀម ហៃ នៅចំពោះមុខអាជ្ញាធរសង្កាត់មែន ប៉ុន្តែលោកមិនបានដឹងឮថា លុយនេះឈ្មោះ លី ផេង យកមកពីណានោះទេ។ក្រោយពីឈ្មោះ លី ផេង បានយកប្រាក់កក់ចំនួន៥.០០០ដុល្លារួចមក គឺឈ្មោះ លី ផេង បាត់មុខរហូត បន្ទាប់មកឈ្មោះ អៀ គុយម៉ុង បានយកប្រាក់ចំនួន ៣០.០០០ដុល្លា មកប្រគល់អោយឈ្មោះ ជៀម ហៃ រហូតបានប្រគល់ចំនួន ៩៣.០០០ដុល្លាទៅអោយឈ្មោះ ជៀម ហៃ បានទទួលស្គាល់ត្រឹមត្រូវ។

សរុបគឺលោក អៀ គុយម៉ុង បានប្រគល់លុយអោយលោក ជៀម ហៃ បានចំនួន៩៣.000ដុល្លា ដែលលោក អៀ គុយម៉ុង នៅខ្វះលុយជាង២០.០០០ដុល្លាទៀត ដែលត្រូវប្រគល់បញ្ចប់ដើម្បីអោយលោក ជៀម ហៃ ផ្ទេរកម្មសិទ្ធិដីទាំង៥.៥ហិតា មកអោយខ្លួន ស្រាប់តែលោក ជៀម ហៃ គេចវ៉េសលែងទទួលលុយពីលោក អៀ គុយម៉ុង រហូត ហើយចុងក្រោយក៏លេចមុខលោក លី ផេង ប្តឹងទៅតុលាការថាខ្លួនជាម្ចាស់ដីនេះទៅវិញ ដែលធ្វើអោយវិវាទនេះ កើតឡើងរហូតដល់បច្ចុប្បន្ន ដែលពលរដ្ឋទិញដី មានការដឹងឮពីអាជ្ញាធរ តែនៅមិនអាចបានរស់នៅលើដីរបស់ខ្លួនដល់ពេលបច្ចុប្បន្នដោយពួកគាត់បានដើរស្វែររកសុំកិច្ចអន្តរាគមន៏ជាបន្តបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន មន្ទីរអធិការកិច្ច ចៅហ្វាយខេត្ត និងសម្តេចតេជោជាដើម។

លុះវិវាទចេះតែបន្តនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ជាប្រធាន បានធ្វើរបាយការណ៏ស្តី ពីលទ្ធផលនៃការចុះស្រាវជ្រាវ ប្រមូលព័ត៌មានពាក់ព័ន្ធនិងបណ្តឹងរបស់ប្រជាពលរដ្ឋចំនូនជាង៤០គ្រួសារ ដែលមានទំនាស់ដីធ្លី ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង ដាក់ជូនលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងដោយបានបង្ហាញថា ប្រជាពលរដ្ឋជាង៤៦គ្រួសារបានទិញដីទំហំសរុប២១.៥១៣ម៉ែត្រការ៉េ ពីឈ្មោះ សាយ សូ និងឈ្មោះ អៀ គុយម៉ុង ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង នៅឆ្នាំ២០១៦ ដែលមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរភូមិទី៧ និងចៅសង្កាត់ខ្សាម ក្នុងនោះមានប្រជាពលរដ្ឋចំនួន៣៧/៤៦គ្រួសារបានចូលរួមផ្តល់ឯកសារកិច្ចសន្យាទិញលក់ដល់ក្រុមការងារ និងចំនួន៩/៤៦គ្រួសារទៀត មិនបានចូលរួមទេ ដែលជាក្រុមសាច់ញាត្តិគ្រួសាររបស់លោក ជៀម ហៃ និងឈ្មោះ ហម គឹមហាន ដែលបានទិញដីត្រឡប់មកវិញពីឈ្មោះ អៀ គុយម៉ុង ដែលលោក អៀ គុយម៉ុង បានពុះជាឡូត៍លក់ឲ្យពលរដ្ឋក្នុងតម្លៃផ្សេងគ្នាទៅតាមទំហំដីនិងទីតាំងជាក់ស្តែង។

ជាមួយគ្នានេះ ក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ក៏បានសុំណូមពរដល់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ពិចារណាសម្រេច ប្រគល់ដីឡូត៍៍ដែលប្រជាពលរដ្ឋបានទិញត្រឹមត្រូវពិតប្រាកដជូនពួកគាត់ដើម្បីមានសិទ្ធិប្រើប្រាស់ អាស្រ័យផលស្របតាមមូលដ្ឋានកំណត់របស់ច្បាប់។

ដោយយោងទៅលើហេតុផលនេះហើយ អាចនិយាយបានថា ទើបក្រសួងមហាផ្ទៃបានច្រានចោលបណ្តឹង លី ផេង មេឈ្មួញដីឆក់ឱកាស បង្វិលមកឲ្យអភិបាលខេត្តពិនិត្យដោះស្រាយ ហើយអោយធ្វើរបាយការណ៏វិលមកក្រសួងវិញ ដើម្បីក្រសួងមានចំណាត់ការបន្ត។
យ៉ាងណាចំពោះលោក ជៀម ហៃ ក៏ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទ «ឆបោក» និងត្រូវបើកសវនាការនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះផងដែរ៕


