ចៅហ្វាយខេត្តកំពង់ឆ្នាំង កំពុងមើលរំលងរណ្តៅដីយក្សជីកដល់ក្បាលប្រែត

0
1062

កំពង់ឆ្នាំង៖ រណ្តៅដីអាណាធិបតេយ្យមួយកន្លែង ស្ថិតនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង របស់មេឈ្មួញ រៀងតូចស្តើង សម្បុសខ្មៅ សំដីបាន កំពុងជីកយ៉ាងសកម្មបំផុតជារៀងរាល់ថ្ងៃ ឡានដឹកចេញឥតដាច់។

រណ្តៅដីនេះ មានទំហំប្រមាណជាង២ហិតា ជីកយកអាចម៍ដីលក់ចាក់ក្នុងតំបន់អភិវឌ្ឍន៏ក្រុងនៃតំបន់ចុងកោះ ឡើងហុយទ្រលោម ស្រុតទាំងផ្លូវ តែលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ហាក់មើលមិនឃើញទាល់តែសោះ ព្រោះដីរណ្តៅនោះ ក៏ស្ថិតនៅក្នុងដីតំបន់១ ដែលការពារដោយខេត្តផងដែរ។

រណ្តៅដីយក្សជីកសឹងដល់ក្បាលប្រែត ដីឡើងហុយទ្រលោម សម្លេងគ្រឿងចក្ររំពងវាល តែបែរជាមិនឮដល់ត្រចៀក និងភ្នែក លោកអភិបាលខេត្ត ព្រមទាំងលោកមន្ទីរពាក់ព័ន្ធ វាគឺជារឿងមួយដ៏ចម្លែកបំផុត។

តាមប្រភពព័ត៌មាន បានអោយដឹងថា មេឈ្មួញរណ្តៅដីនេះ បានដើរអួតក្អេងក្អាងដូចក្អាត់ចូលក្អមថា រណ្តៅដីរបស់ខ្លួន អ្នកនៅពីក្រោយខ្នងគឺ លោកអភិបាលខេត្ត ឈួរ ច័ន្ទឌឿន។ យ៉ាងណា យើងនៅមិនទាន់ដឹងទេថា តើរឿងនេះពិតមែនឬទេ? បើមិនមែនលោក ឈួរ ច័ន្ទឌឿន ត្រូវតែមានវិធានការបន្ទាន់លើជននោះ តែបើលោកនៅសង្ងំដូច្នេះ អាចធ្វើអោយមហាជនរស់នៅខេត្តកំពង់ឆ្នាំង ថាលោកពិតជាអ្នកនៅពីក្រោយខ្នង រណ្តៅដីយក្សអាណាធិបតេយ្យ ជីកដល់ក្បាលប្រែត ក្នុងតំបន់១នេះពិតប្រាកដមែន៕