មុត ចន្ថា៖ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សដើរទន្ទឹមគ្នា!

0
933

ចេញផ្សាយ ថ្ងៃសៅរ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០

ភ្នំពេញ៖ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតអោយកប៉ាល់ Westerdam Ship Cruise ចូលសំចត ដែលផ្ទុកមនុស្សជាង២០០០នាក់ ជាកិច្ចការមនុស្សធម៌ មនុស្សជំនិតលោក កឹម សុខា លោក មុត ចន្ថា បានលើកឡើងទាញក្នុងហេតុផលនយោបាយ បំណងដើម្បីឆ្លុះបញ្ចាំងទដ្ឋភាពលោក កឹម សុខា។

លោក មុត ចន្ថា បានលើកឡើងថា តាមពិត ច្បាប់មនុស្សធម៌អន្តរជាតិត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងអំឡុងពេលសង្រ្គាមអន្តរជាតិនិងសង្រ្គាមស៉ីវិល ប៉ុន្តែច្បាប់សិទ្ធិមនុស្សអន្តរជាតិវិញត្រូវគោរពនិងអនុវត្ត ទាំងពេលសន្តិភាព និងទាំងពេលមានសង្រ្គាម។ 

ទោះជាយ៉ាងនេះក្តី គោលការណ៍មនុស្សជាតិត្រូវអនុវត្តជានិច្ចនិងគ្រប់ពេល ព្រោះវាជាគោលការណ៍គ្រឹសទាំងប្រាំពីរ នៃចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។ គោលការណ៍គ្រឹសទាំងប្រាំពីរនេះ គឺ «មនុស្សជាតិ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាស្ម័គ្រចិត្ត ឯកភាព និងសកលភាព» ដែលបង្កើតឲ្យមានប្រតិបត្តិការប្រកបដោយសីលធម៌ និងក្របខណ្ឌស្ថាប័ន ដើម្បីបំពេញកិច្ចការរបស់ចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម(ជាតិនិងអន្តរជាតិ)។

អ្វីដែលរាជរដ្ឋាភិបាលបានធ្វើកាលពីពេលថ្មីៗ ចំពោះកប៉ាល់ Westerdam Ship Cruise តាមរយៈការអនុញ្ញាតឲ្យកប៉ាល់ចូលសំចត និងការស្វែងរកដំណោះស្រាយឲ្យអ្នកទេសចរជាង ២,០០០នាក់ បន្តដំណើរទៅកាន់ទិសដៅរៀងៗខ្លួនបន្តទៀត ខណៈដែលប្រទេសក្នុងតំបន់ខ្លះបដិសេធឲ្យចូលសំចត គឺជាកាយវិការមនុស្សធម៍ ស្របតាមគោលការណ៍នៃចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ហើយក៏ជាការបង្ហាញពីការមិនរើសអើង ដែលស្របតាមគោលការណ៍នៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ ផងដែរ។ 

ស្របពេលជាមួយគ្នានេះដែរ យើងសង្ឃឹមជឿជាក់ថារាជរដ្ឋាភិបាលនឹងបន្តគោរពប្រតិបត្តិកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ជាពិសេស កាតព្វកិច្ចដូចមានចែងនៅក្នុង«កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឆ្នាំ១៩៦៦» និង «កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឆ្នាំ១៩៦៦» ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន នៅឆ្នាំ១៩៩២។ យើងសង្ឃឹមថា រាជរដ្ឋាភិបាលនឹងធានាឲ្យមានបរិយាកាសនយោបាយអំណោយផលនិងបើកចំហលំហរប្រជាធិបតេយ្យ ដើម្បីពលរដ្ឋខ្មែរគ្រប់និន្នការអាចអនុវត្តសិទ្ធិនយោបាយដោយសេរីនិងគ្មានការភ័យខ្លាច ព្រមទាំងធានាដល់សិទ្ធិសេដ្ឋកិច្ចនិងសង្គមកិច្ច ហើយនិងសិទ្ធិការងារ (អនុសញ្ញា ILO) របស់ពលរដ្ឋខ្មែរ ជាពិសេសសិទ្ធិទទួលបានការងារលើគ្រប់វិស័យ ក្នុងនោះវិស័យវាយនភណ្ឌដោយនិរន្តរភាព (វិស័យកាត់ដេរ)។

លោក មុត ចន្ថា សង្កត់ធ្ងន់ឃ្លាចុងក្រោយថា លោក កឹម សុខា បានឆ្លើយតបជាសារជាមួយអ្នកកាសែតបរទេសថា៖ «ការអនុញ្ញាតនេះ គឺជាកាយវិការមនុស្សធម៌ និងការចូលរួមរកដំណោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្នកទេសចរដែលមកពីបណ្តាប្រទេសផ្សេងៗ»៕