ចេញផ្សាយថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០
ព្រះសីហនុ៖ យុវជនកម្មករសំណង់ចំនួន៣នាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាទៅធ្វើការ តែអកុសលបានបុកទុយោទឹកតាមផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសចំនួន២នាក់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវ លេខ១៤៩សេ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ញឹល ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ (ស្លាប់) ទីលំនៅខេត្តកំពង់ធំ ជាអ្នកបើកបរ និងមានអ្នករួមដំណើរជាមួយ២នាក់៖
១/ឈ្មោះ លីន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅខេត្តសៀមរាប។
២/ឈ្មោះ លី ប៉ាសី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នអ្នកទាំង៣នាក់ ស្នាក់នៅភូមិ៦ សង្កាត់លេខ៤ ខេត្តព្រះសីហនុ មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ គ្មាន ធ្វើដំណើរចូលក្រុងវិញ បានបុកទុយោទឹកធំតាមផ្លូវដែលទុកសម្រាប់តបណ្ដាញទឹក បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសចំនួន២នាក់តែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងបានហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


