ចេញផ្សាយ ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០
សម្បតិ្តធនធានធម្មជាតិកម្ពុជានាពេលបច្ចុប្បន្ន បាននិងំពុងរងគ្រោះយ៉ាងខ្លាំង ពីការបំផ្លាញដោយឈ្មួញទុច្ចរិត និងពលរដ្ឋដែលគិតតែប្រយោជន៏ខ្លួន។
កម្ពុជាក្នុងតំណាក់កាលចុងក្រោយនេះ ត្រូវបានអង្គការគ្លូប៊លវីណែស រកឃើញថាកំពុងស្ថិតក្នុងវិនាសសកម្មព្រៃឈើយ៉ាងគំហុកបំផុត។
ក្នុងនោះបណ្តាញសហគមន៏ស្រលាញ់បរិស្ថាបបានចុះដក់ទីតាំងដើម្បីទប់ស្កាត់និងការពារប៉ុន្តែនៅតែមិនអាចទប់ស្កាត់បានឡើយ។

ក្នុងគោលបំណងនេះដែរ ក្រុមបណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង ព្រះសង្ឃ សកម្មជនបរិស្ថាន យុវជន និងនិសិ្សតដែលមកពីរាជធានី ខេត្តនានា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក៏ត្រូវបង្ខំចិត្តវេចបង្វិចត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីឧទ្យានុរក្សរារាំងពួកគេមិនឱ្យចូលព្រៃទៅកាន់កន្លែងប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសព្រៃឈើ ដែលគ្រោងធ្វើឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

បើតាមបណ្តាញយុវជនកម្ពុជា CYN បានអោយដឹងថា បណ្តាញសហគមន៍ព្រៃឡង់ បានដាក់លិខិតជូនដំណឹងទៅក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តរយៈពេល២ខែ មុនការបរិច្ឆេទនៃការប្រារព្ធពិធីតាមបែបសាសនានេះ ប៉ុន្តែពុំមានការជូនដំណឹងត្រឡប់ពីក្រសួង ឬមន្ទីរបរិស្ថានទេថាមិនអនុញ្ញាតិឱ្យធ្វើ។
ក្រុមសហគមន៍ ព្រះសង្ឃ និងយុវជនសម្តែងការសោកស្តាយនិងខកចិត្តជាខ្លាំងចំពោះទង្វើរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរក្នុងតំបន់ និងចាត់ទុកថានេះជាការរឹតត្បឹតសេរីភាពរបស់ពួកគេដែលប្រាស់ចាកពីច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ៕
