ព្រាប កុល៖ ពេលវេលាពិតជារត់លឿន!

0
970

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០

នៅថ្ងៃនេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើង និងបង្ហាញពីបេសកកម្ម និងការជិតបញ្ចប់តួនាទីភារកិច្ចរបស់លោក។

លោក ព្រាប កុល បានលើកឡើងក្នុងខ្លឹមសារថា៖ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិម្តងទៀតថា ខ្ញុំនឹងបញ្ចប់អាណត្តិជានាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាជាផ្លូវការនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ ដ៏ឆាប់ខាងមុខនេះ ក្រោយពេលខ្ញុំកាន់មុខដំណែងនេះ អស់រយ:ពេលប្រាំបីឆ្នាំ ឬពីរអាណត្តិ។ សូមបញ្ជាក់ថាចំនួនពីរអាណត្តិនេះ គឺខ្ញុំជាអ្នកស្នើសុំកំណត់ដោយខ្លួនឯង និងទទួលបានការគាំទ្រពីក្រុមប្រឹក្សាភិបាល ដោយដាក់បញ្ជូលទៅក្នុងលក្ខខន្តិក: របស់ស្ថាប័ន។ 

ដោយសារខ្ញុំធ្វើការលើសម៉ោង និងធ្វើការប៉ះចំថ្ងៃចុងសប្តាហ៍ច្រើន ខ្ញុំនៅសល់ពេលវេលាសម្រាកវីស្សមកាលជាងមួយខែ គិតពីពេលនេះតទៅ។ ដូច្នេះ ក្នុងរយ:ពេលនេះ ខ្ញុំឈប់សម្រាក លើកលែងតែមានកិច្ចការងារចាំបាច់ និងសំខាន់បំផុត ដូចជាកិច្ចការជំនួបជាមួយអ្នកការទូត កិច្ចប្រជុំជាលក្ខណ:យុទ្ធសាស្ត្រ ឬប្រជុំពាក់ពន័្ធនិងកិច្ចការតស៊ូមតិផ្នែកច្បាប់ និងការផ្ទេរភារ:កិច្ចទៅដល់អ្នកបន្តវេនពីមុខតំណែងរបស់ខ្ញុំ។

ខ្ញុំនឹងធ្វើសេចក្តីថ្លែងការណ៍/ថ្លែងសារទៅកាន់បងប្អូនជនរួមជាតិនៅរង្វង់ចុងខែមិនាខាងមុខនេះ អំពីលទ្ធផល ការប្រឈម និងឧ៌កាស ជុំវិញការងារប្រឆាំងអំពើពុករលួយ នៅក្នុងពីធីប្រគល់ត្រា និងតួនាទីជាផ្លូវការ ទៅអ្នកបន្តវេនរបស់ខ្ញុំ។

សូមបញ្ជាក់ថា នៅក្នុងរយ:ពេលសម្រាកវិស្សមកាលនេះ រាល់កិច្ចការងារទាំងឡាយ ដែលខ្ញុំធ្វើ ឬទស្សន:/យោបល់ ដែលខ្ញុំអត្ថាធិប្បាយ ឬសរសេរ ជាកិច្ចការ ទស្សន: និងមតិយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមិនតំណាងឲ្យ និងមិនឆ្លុះបញ្ចាំងការងារ និងទស្សន:របស់ស្ថានប័នខ្ញុំឡើយ។ 

សូមថ្លែងអំណរគុណ!