បណ្ដុះគំនិតកុមារ ថែរក្សាបរិស្ថានអង្គរ ជាផ្លូវតែមួយឆ្ពោះទៅរកការរីកចម្រើនជូនតំបន់អង្គរជាប់ជាអង្វែង

0
1013

ចេញផ្សាយ ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០

សៀមរាប៖អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ នៃអាជ្ញាធរជាតិអប្សរា បន្តការខិតខំប្រឹងប្រែងដើម្បីបណ្តុះគំនិតកុមារថ្នាក់ទី៤ ទី៥ និងទី៦ ចំនួន៣៨៨នាក់ រៀននៅសាលាបឋមសិក្សាគោកគ្រើល,សាលាបឋមសិក្សាត្រពាំងស្វាយ និងសាលាបឋមសិក្សាដូនឪ ឱ្យយល់ដឹង ភ្ញាក់រឭក ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិនៃតំបន់អង្គរ ដើម្បីឈានទៅរកការរស់នៅក្នុងសង្គមមួយប្រកបដោយសុខមាលភាព សុខដុមរម្យនា រវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។

តាមរយៈគ្រូបង្គោលរបស់អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានចុះអប់រំ និង តាមដានការធ្វើលំហាត់អំពីសកម្មភាពថែរក្សាបរិស្ថានរបស់កុមារ និងពន្យល់ណែនាំបន្ថែមតាមក្រុមនីមួយៗរួមមាន ទី១៖ សកម្មភាពប្រចាំថ្ងៃរបស់ខ្លួននិងវាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន (រួចកាត់បន្ថយសកម្មភាពណាដែលប៉ះពាល់) ទី២៖ សកម្មភាពរបស់មនុស្សនៅជុំវិញខ្លួន (ទាំងក្មេង ទាំងចាស់) និងវាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន (រួចជៀសវាងសកម្មភាពទាំនោះ)។

សូមបញ្ជាក់ថា ការអប់រំបរិស្ថានសម្រាប់កុមារ ជាមធ្យោបាយមួយជួយឱ្យកុមារដែលជាអ្នកស្នងតំណទៅជំនាន់ក្រោយយល់ដឹងអំពីសម្បត្តិវប្បធម៌ និងបរិស្ថាននៅជុំវិញខ្លួនគេ ចាប់អារម្មណ៍ទៅលើការថែរក្សា ការពារសម្បត្តិទាំងនេះ ដោយបណ្ដុះទម្លាប់ថ្មីសម្រាប់កុមារឱ្យមានលទ្ធភាពដោះស្រាយឆ្លើយតបទៅនឹងបញ្ហាថ្មីដែលកើតមាននៅក្នុងតំបន់របស់ខ្លួន។ ម្យ៉ាងទៀត ការរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ ទំនៀមទម្លាប់ល្អ សង្គមសីលធម៌ ជាផ្លូវតែមួយឆ្ពោះទៅរកការរីកចម្រើនជូនតំបន់អង្គរជាប់ជាអង្វែងតទៅ៕

ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ

អត្ថបទ និងរូបភាព៖ លោក អ៊ុន មុន្នីនីតា