បុរសជនជាតិចិន ដេកស្លាប់នៅខេត្តព្រះសីហនុ ដោយសារជំងឺ គាំងបេះដូង

0
1044

ចេញផ្សាយ ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០

ព្រះសីហនុ៖ ការពិតត្រូវបានបង្ហាញ ចំពោះករណីជនជាតិចិនម្នាក់ដេកស្លាប់ នៅក្នុងបុរីគុជអាស៊ី ខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលម៉ិញ។

បើយោងតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងថា៖ រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូន សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីជនជាតិចិនម្នាក់ដេកស្លាប់នៅជិតរង្វង់មូលមច្ឆា ក្នុងបុរីគុជអាសុី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សេចក្តីជូនដំណឹងបានបន្តទៀតថា ជនជាតិចិនដែលស្លាប់នោះ មានឈ្មោះ Niu Shuangsuo ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណេីត ខេត្តកានស៊ូ សាធារណរដ្ឋ ប្រជាមានិតចិន។

រដ្ឋបាលខេត្តព្រះសីហនុ បន្ថែមថា យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបញ្ជាក់ ថា បុរសជនជាតិចិនខាងលើ ស្លាប់ដោយសារគាំងបេះដូង ដោយមិនមានតំរុយនៃបទល្មើសព្រហ្មទណ្ឌនោះទេ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន៕