ប្រជាពលរដ្ឋចោទអាជ្ញាធរសង្កាត់បាទី ក្រុងបាវិត គប់គិតគ្នាជីកដីប្រឡាយសាធារណៈលក់

0
1244

ចេញផ្សាយ ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០

បាវិត៖ ប្រជាពលរដ្ឋលើកគ្នីគ្នាឃាត់អេស្កាវ៉ាទ័រជីកដីប្រឡាយសាធារណៈ មានប្រវត្តិតាំងពីសម័យប៉ុល ពត យកដីលក់យ៉ាងអានាធិបតេយ្យជាទីបំផុត ស្ថិតនៅភូមិច្រកឫស្សី និងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រជាពលរដ្ឋរស់នៅភូមិថ្នាញ ដែលសុំមិនបញ្ចេញឈ្មោះលើកឡើងថា អាជ្ញាធរប្រហែលជាមានការគប់គិត រួមគំនិតគ្នា ក្នុងអំពើលក់ដីប្រឡាយដែលជាប្រយោជន៍សាធាណៈទៅឲ្យឈ្មួញ ដើម្បីបម្រើផលប្រយោជន៍បក្សពួកខ្លួន។

ចៅសង្កាត់បាទីលោក ចាន់ សារុន មានប្រសាសន៍ថា”ពិតជាមានការជីកប្រឡាយនោះមែនហើយ” នៅពេលដែលអ្នកសារព័ត៌មានសួរបន្ថែមថា តើការជីកប្រឡាយនេះប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទេ? លោកចៅសង្កាត់ឆ្លើយថា គឺពិតជាប៉ះពាល់មែន…ព្រោះវាដាច់ផ្លូវពិបាកក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។

លោកចៅសង្កាត់រូបនេះបានបដិសេធថា “ចំពោះការលើកឡើងថាការជីកដីប្រឡាយនេះយកទៅលក់ឲ្យឈ្មួញ គឺខាងលោក(ចៅសង្កាត់) មិនបានដឹងទេ។ ខណៈដែលលោកមេភូមិឈ្មោះ ប៉ាង សាបន មានទូរស័ព្ទលេខ 0979740126 ដែលទទួលបញ្ជាពីលោកចៅសង្កាត់បាទី ទៅដោះស្រាយរឿងជីកប្រឡាយមិនបានលើកទូរស័ព្ទរបស់អ្នកសារព័ត៌មាននោះឡើយ។

មន្រ្តីរាជការធ្វើការនៅសង្កាត់បាទីសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា “ការជីកប្រឡាយនេះ គឺយកដីទៅលក់ឲ្យពួកការ៉ាស់សាំង ក្រុមរកស៊ីដីឡូត៍ និងពួកសង់បុរី..”។

លោក ខាំ វុទ្ធី ប្រធានការិយាល័យនីតិកម្ម និងដោះស្រាយវិវាទក្រុងបាវិត មិនព្រមឆ្លើយបំភ្លឺរឿងជីកប្រឡាយនៅសង្កាត់បាទីនោះឡើយនៅពេលអ្នកសារព័ត៌មានចោទសំនួរគឺធ្វើដូចជាមិនដឹងរឿង…រួចចុចផ្ដាច់ទូរស័ព្ទ។ ខណៈលោក លឹម សៀងហេង អភិបាលក្រុងបាវិតទាក់ទងបំភ្លឺជាច្រើនដងតែមិនអាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ 0977888288 ៕