ចេញផ្សាយ ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ ក្នុងយុគសម័យទំនើបនេះ គេសង្កេតឃើញថា យុវជនកម្ពុជាមួយបច្ចុប្បន្នមួយចំនួន ហាក់បាននិងកំពុងបំភ្លេចវប្បធម៌របស់ខ្លួន ហើយងាកទៅចាប់យកវប្បធម៌បច្ចឹមប្រទេស និងប្រទេសជិតខាងរបស់ខ្លួនទៅវិញ។
ក្នុងន័យនេះ កូនប្រុសពៅរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុ សែន លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ចំពោះខ្ញុំ ក្នុងន័យជាក់លាក់មួយ វាជាការចេះថ្លឹងថ្លែងរវាងទង្វេីផ្ទាល់ខ្លួន និងផលជះនៃទង្វេីនោះចំពោះសិល្ប:វប្បធម៌ជាតិខ្លួន។

ពិតណាស់ រាជរដ្ឋាភិបាលតែងបានគាំទ្រ និងបានផ្តល់ឤទិភាពខ្ពស់ចំពោះវិស័យវប្បធម៌ ដោយចាត់ទុកថាវប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិ។ ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការរក្សាតម្លៃនៃវប្បធម៌ ដោយបានដាក់ចេញនៅចំណាត់ការជាបន្តបន្ទាប់ មិនអនុញ្ញាតអោយរាល់សកម្មភាពទាំងឡាយណាដែលនាំអោយវប្បធម៌ជាតិអាប់ឱន អាចប្រព្រឹត្តទៅបានក្នុងសង្គមឡើយ។
ចំណាត់ការដែលបានដាក់ចេញនេះ គឺជាការដាស់តឿន ចំពោះអ្នកទាំងឡាយណា ដែលកំពុងលង់ក្នុងទង្វើមិនសមរម្យរបស់ខ្លួន ដើម្បីតែប្រយោជន៍ខ្លួន អោយមានការភ្ញាក់រលឹកថាសកម្មភាពរបស់ពួកគេបានប្រាសចាកសីលធម៌នៃការរស់នៅក្នុងសង្គមខ្មែរ ហើយអាចឈានទៅដល់ការនាំអោយបាត់អត្តសញ្ញាណជាតិរបស់ខ្លួនផងដែរ។

ក្នុងនាមជាប្រជាជាតិខ្មែរ យើងអាចចូលរួមអភិរក្សវប្បធម៌ ក្នុងទម្រង់ផ្សេងៗគ្នា តាមលទ្ធភាពដែលយើងមាន។ យើងទាំងអស់គ្នា ជាអ្នកបន្តវេនក្នុងការថែរក្សា និងលើកតម្កើងវប្បធម៌របស់យើង ដូចនេះសូមយុវជនទាំងអស់ស្វែងយល់អោយច្បាស់នូវអ្វីដែលជាទង្វេីរបស់ខ្លួន ហើយអ្វីដែលជាវប្បធម៌បរទេស ដើម្បីជៀសវាងការភ្លេច ឬបាត់បង់អ្វីដែលជាមរតកខ្លួនឯង។ទន្ទឹមនឹងនេះ ការចេះថ្លឹងថ្លែង ពិចារណាចំពោះសកម្មភាព ឬកាយវិការរបស់ខ្លួនជាលក្ខណៈបុគ្គល គឺជាការចូលរួមចំណែកក្នុងការរក្សាតម្លៃនៃវប្បធម៌ ព្រោះភាពអន់ថយនៃសីលធម៌ និងគុណធម៌សង្គមដែលស្តែងចេញពីទង្វេីបុគ្គល នឹងប៉ះពាល់និរន្តភាពនៃវប្បធម៌។
ដូចការលើកឡើងរបស់លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនោះយើងក៏សង្កេតឃើញផងដែរថា យុវជនរបស់យើងមួយចំនួនធំ បានចូលរួមអភិរក្ស ថែរក្សាសីល្បៈវប្បធម៌ ប្រពៃណីជាតិរបស់យើងយ៉ាងល្អផូរផង់ផងដែរ៕




