បុរសម្នាក់សង្ស័យធ្លាយក្រពះ ក្អួតធ្លាក់ឈាមស្លាប់មួយរំពេច

0
898

ចេញផ្សាយ ថ្ងៃ​អង្គារ ទី១០ ខែ​មីនា ឆ្នាំ២០២០

ភ្នំពេញ: បុរសម្នាក់បានក្អួតធ្លាក់ឈាមដួលបណ្តាលឲ្យស្លាប់នៅមុខទ្វារផ្ទះរបស់ម្តាយ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ B5 បុរី រុងរឿង ក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះឈ្មោះ ម៉ុន សុធារិទ្ធិ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិបឹងអង្កាញ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានមកស្នាក់នៅផ្ទះជាមួយម្តាយ ទីតាំងកើតហេតុខាងលើ។

នៅមុនកើតហេតុ ជនរងគ្រោះបាននៅផ្ទះតែម្នាក់ឯង ដោយម្តាយទៅពិសារបាយនៅខាងក្រៅ ខណ:នោះ ជនរងគ្រោះ មានអការមិនស្រួល ដោយក្អួតធ្លាក់ឈាមនៅក្នុងបន្ទប់ទឹកក៏បានដើរចេញមកមាត់ទ្វារក្អួតបន្តទៀតហើយបានប្រកាច់ដួលស្លាប់ភ្លាមៗតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។

តាមព័ត៌មានពីក្រុមគ្រួសារ និងឪពុក បានឲ្យដឹងថា កន្លងមកកូនគាត់ ជាមនុស្សធាត់ មាឌធំ និងមានជំងឺទឹកនោមផ្អែម ជំងឺក្រពះ និងឈឺសន្លាក់ ។

នៅពេលថ្មីនេះ ដោយសារតែចង់ស្គមទើបកូនគាត់ បានទិញផលិតផលសម្រកទង្ងន់ យកមកទទួលទាន ហើយក៏បានស្រកដូចបំណង។

ប្រភពដដែល បានបន្ថែមថា នៅក្នុងការប្រើផលិតផលនោះ កូនគាត់បានធ្វើទុក ហេវហត់ និងបានក្អួតធ្លាក់ឈាមដួលស្លាប់បែបនេះតែម្តង ។

ក្រោយពីការពិនិត្យនិងកោសល្យវិច័យរបស់ក្រុមលោកគ្រូជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ សង្ស័យស្លាប់ដោយសារធ្លាយក្រពះ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ច ធ្វើលិខិតស្នាម និងប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ប