ម្ចាស់ PassApp ដឹកជនជាតិជប៉ុន ត្រូវដាក់តាមដាន១៤ថ្ងៃ ចំណែក PassApp ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ Covid-19

0
1136

ចេញផ្សាយ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០

សៀមរាប៖ ក្រោយបុរសជនជាតិ ជប៉ុន ត្រូវបានរកឃើញមានផ្ទុកជំងឺ Covid-19 បន្ទាប់ពីចាកចេញខេត្តសៀមរាប បានធ្វើអោយរឿងនេះមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីមហាជន។

ការចាប់អារម្មណ៏ ដោយប្រជាជនកម្ពុជា មានការព្រួយពីការឆ្លងរីករាលដាលនៃជំងឺនេះ នៅលើទឹកដីខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេស បើទោះបីជាកម្ពុជា ត្រូវបានថ្នាក់ដឹកនាំ និងក្រសួងសុខាភិបាលយកចិត្តទុកដាក់រឹតបណ្តឹង និងផ្សព្វផ្សាយការការពារខ្លួនពីជំងឺដ៏សាហាវនេះក្តី។

ជាលទ្ធផល បុរសម្នាក់ត្រូវបានរកឃើញមានផ្ទុក Covid-19 ចំណែកអ្នកផ្សេងទៀត ត្រូវបានរកឃើញជាផលអវិជ្ជមាន តែត្រូវបានដាក់ការតាមដាន រួមទាំងអ្នករត់ PassApp ដែលបានដឹកបុរសជនជាតិជប៉ុននោះផងដែរ។

បើយោងតាមមន្ទីរសុខាភិបាលខេត្តសៀមរាប បានអោយដឹងថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេ្តស ជាលទ្ធផលគឺអវិជ្ជមាន គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សូមជំរាបថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វិទ្យាស្ថាន ប៉ាស័្ទរកម្ពុជា ក៏បានរកឃើញស្ត្រីជនជាតិ អង់គ្លេស អាយុ៦៥ឆ្នាំ បានឆ្លងជំងឺ កូវីដ-១៩ ពីប្រទេសវៀតណាម និងបានធ្វើដំណើរកំសាន្ត ដោយនាវានៅខេត្តកំពង់ចាម។

យ៉ាងណា បច្ចុប្បន្ន ស្ត្រីខាងលើ ត្រូវបានយកមកព្យាបាលនៅរាជធានីភ្នំពេញ ចំណែកមនុស្សនៅលើនាវាត្រូវបានធ្វើតេស្ត និងដាក់តាមដានដោយក្រុមគ្រូពេទ្យខេត្ត៕