បួយ មិនតាំ ជនជាតិវៀតណាម ប្រើគ្រឿងចក្រឈូសឆាយដីម្ចាស់កម្មសិទ្ធិ ត្រូវបានព្រះរាជ្ញា ចុះឃាត់គ្រឿងចក្រជាច្រើនគ្រឿង

0
1130

ចេញផ្សាយ ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ 

កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានដឹកនាំកងកម្លាំងរាជអាវុធហត្ថខេត្ត ចុះឃាត់គ្រឿងចក្រ ដែលកំពុងធ្វើសកម្មភាពលួសឆាយ ជីកយកអាចម៍ដីមួយកន្លែង ស្ថិតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដែលតុលាការបានទទួលពាក្យបណ្ដឹងពីម្ចាស់ដីផ្ទាល់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ដី ដែលបានដាក់ពាក្យបណ្ដឹងចូលតុលាការ ឈ្មោះ មិន ពុធជេដ្ឋានវណ្ណ ភេទប្រុស អាយុ៥១ឆ្នាំ ជាមន្ត្រីរាជការផ្នែកសុខាភិបាល ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ បានទិញដីស្រែធ្វើស្រូវឡើងទឹកមួយកន្លែង ចំនួន១ហិចតា នៅចំណុចបឹងតម្រែក ស្ថិតនៅក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងអំឡុងឆ្នាំ២០១៦ ហើយក៏បានកាន់កាប់អាស្រ័យផលរហូតមក។

ក្នុងពាក្យបណ្តឹងបានរៀបរាប់ទៀតថា ស្រាប់តែនៅ អំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២០នេះ ស្រាប់តែមានឈ្មោះ ប៊ួយ មិនតាំ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានដាក់គ្រឿងចក្រ ជាច្រើនគ្រឿង ទៅជីកយកអាចម៍ដីរបស់លោក ដោយគ្មានការអនុញ្ញាត្តិ បើទោះបីជារូបលោកហាមឃាត់យ៉ាងណាក៏មិនឈ្នះដែរ។ក្រោយមក លោក មិន ពុធជេដ្ឋានវណ្ណ ក៏បានធ្វើពាក្យប្ដឹងទៅកាន់លោកមេឃុំស្វាយជ្រុំ ឲ្យជួយដោះស្រាយ។

ក្រោយពេលដាក់ពាក្យបណ្តឹង លោកមេឃុំក៏បានកោះហៅឈ្មោះ បួយ មិនតាំ ជនជាតិវៀតណាម ប្រើឈ្មោះខ្មែររូបនេះ ទៅដោះស្រាយចំនួន៣លើកនៅសាលាឃុំ ប៉ុន្តែឈ្មោះ បួយ មិនតាំ នេះមិនព្រមចូលខ្លួនដោះស្រាយឡើយ ដោយហេតុនេះហើយ ទើបរូបលោក ដាក់ពាក្យប្ដឹងចូលទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយទាមទារសំណងការខូចខាតចំនួន២រយលានរៀល និង ទាមទារចាក់ដីលុបរណ្ដៅឲ្យដូចដើម ព្រមទាំងសុំឲ្យតុលាការអនុវត្តទៅតាមផ្លូវច្បាប់។ 

ក្នុងប្រតិបត្តិការខាងលើ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ ក្រោយពីទទួលពាក្យបណ្ដឹងហើយ រូបលោក និងលោក ទី ម៉ានីន ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឃាត់គ្រឿងចក្រ បានអេស្កាវ៉ាទ័រចំនួន២គ្រឿង និងរថយន្តជាច្រើនគ្រឿងទៀត នៅនឹងកន្លែងបទល្មើសជាក់ស្ដែងតែម្ដង។ ព្រមជាមួយគ្នានោះ លោកក៏បានឃាត់មេការម្នាក់ផងដែរ ដើម្បីយកទៅសាកសួរថា តើនរណាជាអ្នកបញ្ជាឲ្យជីកដីរបស់គេដោយគ្មានច្បាប់អនុញ្ញាតបែបនេះ?។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា បានបញ្ជាក់ទៀតថា ការឃាត់គ្រឿងចក្រនេះ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានប្រាប់លោកថា រូបលោកក្នុងនាមជាអភិបាលខេត្ត មិនជាប់ពាក់ព័ន្ធនឹងរឿងនេះទេ នរណាធ្វើខុសសូមឱ្យចាត់ការតាមផ្លូវច្បាប់ចុះ។

គួររំលឹកផងដែរថា លោក បួយ មិនតាំ ដែលជាជនជាតិវៀតណាម ប្រើប្រាស់ឈ្មោះខ្មែរ មានអត្តសញ្ញាណប័ណ្ណខ្មែរ បានទិញដីនៅតំបន់នោះដើម្បីអភិវឌ្ឍឲ្យប្រជាពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹកឡើងគោក តាមគោលការណ៏របស់ខេត្ត ប៉ុន្តែបុគ្គល បួយ មិនតាំ បានរំលោភបំពានលើប្រជាពលរដ្ឋជាច្រើននាក់។ ដូចករណីខាងលើ បួយ មិនតាំ ក៏បានទិញដីពីប្រជាពលចំនួន៣៧ហិកតា តែបានរំលោភយករហូតដល់ទៅ៤០ហិកតា ដែល ពេលនេះក៏មានសំណុំរឿងដល់ដៃតុលាការផងដែរ៕