ចេញផ្សាយ ថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០
ក្រចេះ៖ លោក អ៊ូច ឡេង វីរជនបរិស្ថាន ព្រមទាំងសកម្មជន៣រូបផ្សេងទៀត ត្រូវបានតុលាការសាលាដំបូង ខេត្តក្រចេះ សម្រេចដោះលែងអោយមានសេរីភាពវិញហើយ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
សូមជំរាបថា លោក អ៊ូចឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទិ្ធមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរៈជនបរិស្ថាន Goldman Environmental Prize ឆ្នាំ២០១៦, លោក ខេម សុខឃី, លោក ស្រី ថី ដែលជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់, លោក មេន ម៉ាត់ សកម្មជនបរិស្ថាន ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅ ក្រុមហ៊ុន ស៊ីងបាយអូតិក (Think Biotech) ចំណុចដំបូកស ភូមិរមួល ឃុំបឹងចា ស្រុកសំបូរ ខេត្តក្រចេះ។

ក្រោយចាប់ខ្លួន សកម្មជនបរិស្ថានទាំង៤នាក់ខាងលើ ក៏ត្រូវបានរងនូវការប្រើអំពើហិង្សា ពីសំណាក់សន្តិសុខក្រុមហ៊ុនខាងលើនេះផងដែរ មិនបញ្ជូនខ្លួនមកកាន់អធិការរដ្ឋាននគរបាល ស្រុកសំបូរ។
បន្ទាប់ពីបញ្ជូន និងសាកសួរនៅអធិការរដ្ឋាននគរបាលស្រុក ពួកគេទាំង៤នាក់ ត្រូវបានបញ្ជូនមកសាកសួរ នៅតុលាការសាលាដំបូងខេត្តក្រចេះ ដោយមានការឃ្លាំមើលពីសកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិលផងដែរ។
យ៉ាងណា ក្រោយតុលាការសាកសួរចប់ នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ពួកគេទាំង៤នាក់ ត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ៕


