កូវីដ១៩៖​ ធនាគារជាតិនៃកម្ពុជា​ បានដាក់នូវវិធានការគាំទ្រប្រាំដល់គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ

0
1067

ភ្នំពេញ៖​ ធនាគារជាតិនៃកម្ពុជា នៅក្នុងលិខិតចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ចំណុចបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលបន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19 មកលើសេដ្ឋកិច្ចកម្ពុជា ។ 

វិធានការគាំទ្រចំនួន​ ប្រាំ​ ដេីម្បីជួយដល់គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុរួមមាន៖

១/​ ពន្យារពេលឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ើវេសិន (CCB) ត្រឹម៥០ភាគរយ។

២/​ កាត់បន្ថយអត្រាការប្រាក់អប្បបរិមា នៃប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ចំនួន០.៥ភាគរយចំពោះគ្រប់ឥណទាន។

៣/​ កាត់បន្ថយអត្រាការប្រាក់ លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជារៀល និងជាដុល្លារអាមេរិក ក្នុងកម្រិតសមស្រប។

៤/​ កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី៨ភាគរយចំពោះប្រាក់រៀល និង១២.៥ភាគរយចំពោះរូបិយប័ណ្ណ មកត្រឹម៧ភាគរយទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។

៥/​ កាត់បន្ថយកម្រិតអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិតសមស្របតាមការចាំបាច់។

ក្នុងលិខិតសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា​ធនាគារជាតិនៃកម្ពុជានឹងបន្ដតាមដានយ៉ាងប្រុងប្រយ័ត្ន លើស្ថានភាពវឌ្ឍនភាពវិស័យធនាគារ​  បញ្ហាប្រឈម និងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលដៅរក្សានិរន្ដរភាព និងស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព៕