ចេញផ្សាយ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានបង្ហាញអោយដឹងថា មនុស្ស២នាក់ទៀតហើយ ត្រូវបានធ្វើតេស្ត រកឃើញមានផ្ទុក កូវីដ១៩។
បុរសដែលផ្ទុក កូវីដ១៩ ម្នាក់អាយុ៧១ឆ្នាំ នៅភូមិទ្រា២ ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ និងម្នាក់ទៀត អាយុ៥២ឆ្នាំ នៅភូមិ៧មករា ឃុំដារ ស្រុកមេមុត ខេត្តត្បូងឃ្មុំ ដោយបច្ចុប្បន្នអ្នកទាំងពីរ ត្រូវបានដាក់ឲ្យនៅព្យាបាល ក្នុងមន្ទីរពេទ្យ ខេត្តត្បូងឃ្មុំ (ពញាក្រែក)។
បើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកទាំងពីរនាក់ខាងលើ ជាមនុស្សក្នុងចំណោម៧៩នាក់ ដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី។
គិតមកដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ករណីវិជ្ជមាន កូវីដ១៩ សរុបមានចំនួន៣៧នាក់ ដោយក្នុងនោះស្រីចំនួន២នាក់ ហើយក្នុងចំណោមមនុស្សទាំង៣៧នាក់ គឺ មានជនជាតិចិន ១នាក់ នៅខេត្តព្រះសីហនុ បានជាសះស្បើយ, អង់គ្លេសចំនួន៣នាក់, កាណាដា ១នាក់, ប៊ែកហ្សិច ១នាក់, បារាំង២នាក់ (ឪពុកនិងកូនប្រុសអាយុ៤ខែ), ម៉ាឡេស៊ី ចំនួន៥នាក់, ខ្មែរ២៤នាក់ ក្នុងចំណោម២៤នាក់ ក្នុងនោះ អ្នកត្រឡប់មកពី ពិធីសាសនា នៅប្រទេសម៉ាឡេស៊ី ចំនួន២១នាក់៕

