ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០
កំពង់ឆ្នាំង៖ ក្រោយមានការផ្សព្វផ្សាយព័ត៌មាន នៅលើបណ្តាញសង្គម ថាមានអ្នកផ្ទុក កូវីដ-១៩ ចំនួន១៨នាក់ នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ភ្លាមៗស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបិដិសេធ និងថាជាព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់។
បើតាមអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចំពោះអ្នកទាំង១៨ គឺជាសាច់ញាតិជិតដិត និងរស់នៅជាមួយបុរសម្នាក់ដែលមានផ្ទុក វីរុស កូវីដ-១៩ ដែលមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានធ្វើតេស្តរកឃើញកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ហើយមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង កំពុងដំណើរការយកសំណាកអ្នកទាំង១៨នាក់នោះ ទៅធ្វើការពិនិត្យ ចំពោះលទ្ធផលមិនទាន់ដឹងនៅឡើយទេ។

ដូចនេះ ព័ត៌មានជុំវិញ ពលរដ្ឋ១៨នាក់ មានផ្ទុកវីរុស កូវីដ-១៩ នៅស្រុកកំពង់ត្រឡាច ពុំមែនជា ព័ត៌មានពិតនោះទេ គឺជាព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ភ័យខ្លាច និងធ្វើឲ្យមានភាពចលាចលក្នុងមូលដ្ឋាន ដែលអ្នកនាំពាក្យស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ហៅថា ព័ត៌មានក្លែងក្លាយគ្មានមូលដ្ឋានច្បាស់លាស់៕
