ថ្ងៃទីសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១
ភ្នំពេញ ៖ រថយន្តយីឌុបបែនដឹកដី១គ្រឿងបើកបុកម៉ូតូមួយគ្រឿងពីក្រោយ រួចកិនអូសទាំងមនុស្សទាំងម៉ូតូចម្ងាយប្រមាណជាង១០ម៉ែត្រទើបរបូត បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតក្នុងស្ថានភាពបែកជាបំណែកៗមើលលែងស្គាល់ជាមនុស្សទៅហើយ។
ហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង១២និង៣៥០នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BR-2500 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ចំណែកឯរថយន្តបង្កពណ៍ក្រហមគ្មានស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅស្របគ្នាដែរ និងក្នុងល្បឿនលឿន ដោយមិនដឹងថាប្រញាប់ទៅណានោះទេ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបានបុកម៉ូតូជនរងគ្រោះនិងកិនជនរងគ្រោះពីក្រោយទាំងកម្រោលព្រមទាំងអូសជា១០ម៉ែត្រ បណ្ដាលឲ្យខ្ទេចសាកសពនិងម៉ូតូរួញរមូរនិងដាច់ជាបំណែកៗមើលលែងស្គាល់។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កមិនបានឈប់ទេព្យាយាមបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុបានចម្ងាយប្រមាណ១គីឡូម៉ែត្រទើបឈប់រថយន្តចោល រួចបានចុះរត់គេចខ្លួនទៅបាត់ស្រមោលដោយសុវត្ថិភាព ។
ក្រោយកើយហេតុនគរបាលប៉ុស្តិ៍ប្រទះឡាង និងនគរបាលចរាចរណ៍ខណ្ឌកំបូល ព្រមទាំងនគរបាលជំនាញផ្នែកចរាចរណ៍ផ្លូគោករាជធានីភ្នំពេញបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់ស់វែងនិងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះដើម្បីឲ្យមកទទួលយកសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះដែលមើលមិនយល់នោះសមត្ថកិច្ចនគរបានជំនាញផ្នែកចរាចរណ៍បាននាំយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕