ប្រទះឃើញសពដែល លោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាកាលពីយប់ទី២៩ ខែមករាហើយ

0
1298

ចេញផ្សាយ ថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសជាភេទទី៣ម្នាក់ ដែលបានលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាអណ្តែតមកដល់ច្រាំងទន្លេហើយ។

ហេតុការណ៍ប្រទះឃើញសាកសពនេះ គឺតាំងពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមមាត់ទន្លេ ខាងត្បួងស្ពានជ្រោយចង្វាប្រហែល៣០០ម៉ែត្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ ឈ្មោះ សុីម ទិ អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅផ្ទះជួល សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិព្រៃដើមថ្នឹង ឃុំដើមថ្នឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

គូររំលឹកផងដែរថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលធ្វើដំណើរលើស្ពានជ្រោយចង្វា បានឃើញស្រ្ដីម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពាន ប៉ុន្តែមិនស្គាល់អត្តសញ្ញាណនោះទេ ព្រោះបន្សល់ទុកតែស្បែកជើងពណ៌ខ្មៅមួយគូ នៅជិត បង្កាន់ដៃស្ពាន និងស្នាម ដៃជើង នៅជាប់លើបង្កាន់ដៃស្ពានតែប៉ុណ្ណោះ។

រហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ គេក៏ប្រទះឃើញសពជនរងគ្រោះ បានអណ្តែតមកដល់ច្រាំងទន្លេខាងត្បួងស្ពានជ្រោយចង្វា កន្លែងដែលលោតប្រហែល ៣០០ម៉ែត្រ បង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមកម្លាំងសមត្ថកិច្ចសាជាថ្មីម្តងទៀត។

តាមប្រភពព័ត៌មានពីមិត្តរបស់សពជនរងគ្រោះ បានឱ្យដឹងថា រយៈពេលកន្លងមក ជនរងគ្រោះបម្រុងមកលោតទឹកលើស្ពាននេះជាច្រើនលើកមកហើយតែមិនបានសម្រេច លុះមកដល់យប់ថ្ងៃទី២៩ខែមករានេះ គាត់បានមកលោកទឹកសម្លាប់ខ្លួនដូចនេះតែម្តង ដោយមូលហេតុ ពិបាកចិត្តរឿងផ្ទាល់ខ្លួន និងរឿងគ្រួសារ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានចុះស្រង់សាកសពឡើងមកលើគោក រួចធ្វើលិខិតប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕