ចេញផ្សាយ ថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១
កំពង់ចាម៖ បក្សីកីឡា ជាល្បែងមួយដែលក្រុមងប់ងល់ភ្លេចបាយ ភ្លេចទឹក បាននិងកំពង់លួចលេងយ៉ាងសប្បាយ ព្រោះនឹកគិតថា ខ្លួនបានគេចរួចពីក្រសែភ្នែករបស់សមត្ថកិច្ចហើយ។
អ្វីដែលក្រុមទាំងនេះគិត គឺខុសស្រឡះទាំងស្រុង ដោយក្នុងនោះកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣ និង១០នាទី នៅបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមនៃការលេងល្បែងបក្សីកីឡានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ដាក់ប្រាក់) នៅចំណុចក្រោមដើមស្វាយ ស្ថិតនៅភូមិក្បាលកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនបានមុខសញ្ញាចំនួន០៤នាក់គឺ៖
១- ឈ្មោះ ធឿន បូ ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិគគី ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
២-ឈ្មោះ រឿន រ័ត្ន ភេទប្រុស អាយុ៥៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្បាលកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៣-ឈ្មោះ នឹង គ ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្ញូង ឃុំខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម
៤-ឈ្មោះ យ៉ា ឌី ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអង្គរជ័យ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម រួមទាំងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៨គ្រឿង,កន្ត្រក់មាន់ចំនួន០១,មាន់ជល់ចំនួន០១,ទូរសព្ទដៃចំនួន០៦គ្រឿង,ប្រាក់រៀលចំនួន៩៧០,០០០រៀល (ប្រាំបួនសែនប្រាំពីរម៉ឺនរៀល)និងប្រាក់ដុល្លារចំនួន៩០០ដុល្លារ(ប្រាំបួនរយដុល្លាអាមេរិក)។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ច្បាប់៕