ចេញផ្សាយ ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ គ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សា សន្ធរម៉ុក បានរងការចោទពីសំណាក់មាតាបិតាសិស្ស ថាបានទាប្រាក់ពីកូនរបស់ខ្លួនថ្លៃដឹងគុណគ្រូ ថ្លៃកង្ហា និងថ្លៃទិញទឹក ជាដើម។
ក្រោយមានការរិះគន់ និងបង្ហោះជាសាធារណៈចំពោះការចោទប្រកាន់មកលើគ្រូបង្រៀប សាលាបឋមសិក្សា សន្ធរម៉ុក របស់មាតាបិតាសិស្ស មន្ទីរអប់រំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងរកឃើញថា គ្រូបង្រៀនម្នាក់ នៅសាលាបឋមសិក្សាសន្ធរម៉ុក ពិតជាបានទារប្រាក់ចំនួន៦ម៉ឺនរៀលក្នុងមួយខែពីសិស្សមែន ប៉ុន្តែសម្រាប់វិធានការលើគ្រូបង្រៀនរូបនោះ មន្ទីរថានឹងសម្រេចបន្ទាប់ពីប្រជុំ។
យោងតាមហ្វេសប៊ុក ឈ្មោះ Buthoeun Ev បានផ្សព្វផ្សាយថា កូនរបស់គាត់ ត្រូវបានអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សា សន្ធរម៉ុក ដេញចេញពីថ្នាក់ ដោយសារតែកូនគាត់ពុំបានរៀនគួរបន្ថែមម៉ោង។ បុរសរូបនេះបានសរសេរបន្តទៀត ថា បើមិនរៀនគួរបន្ថែមម៉ោងទេ គ្រូតម្រូវឲ្យកូនរបស់គាត់ បង់លុយចំនួន៦ម៉ឺនរៀលក្នុង១ខែសម្រាប់ដឹងគុណគ្រូ។
ប្រហាក់ប្រហែលគ្នានេះដែរ ហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ SreyNeth SreyNeth បានលើកឡើងថា កូនប្រុសពៅរបស់គាត់រៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សា សន្ធរម៉ុក ក៏ត្រូវបានគ្រូទារលុយចំនួន៦ម៉ឺនរៀលជាថ្លៃដឹងគុណគ្រូ ថ្លៃទិញកង្ហា និងថ្លៃទិញទឹកសម្រាប់គ្រូ។
ចំពោះករណីនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក ឌី ខាំបូលី ប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រសួងបានដឹងករណីនេះហើយ ដោយក្រសួងបានឲ្យមន្ទីរអប់រំ រាជធានីភ្នំពេញ សិក្សាស្រាវ ជ្រាវលើករណីនេះ ដើម្បីឈានទៅចាត់វិធានការតាមច្បាប់។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត មានប្រសាសន៍ថា អ្នកគ្រូបង្រៀនដែលយកលុយសិស្សនោះ បានសារភាពអំពីកំហុសថា ខ្លួនពិតជាបានយកលុយពីសិស្សដូចការលើកឡើងរបស់ឪពុកម្តាយសិស្សមែន។
ទោះជាយ៉ាងណា ចំពោះវិធានការលើគ្រូបង្រៀនរូបនេះ នៅមិនទាន់បានដឹងនៅឡើយទេ ដោយរងចាំការសម្រេចក្រោយកិច្ចប្រជុំ។ ករណីនេះ តែងតែកើតមានជារឿយៗ តែមាតាបិតាសិស្សមួយចំនួនមិនហ៊ានចេញមុខតវ៉ាឡើយ ក្រៅតែអំពីការនិយាយជជែកដោយហួសចិត្ត។ នេះសម្រាប់មាតាបិតាសិស្សនៅតាមទីជនបទ៕