ចេញផ្សាយ ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១
បន្ទាយមានជ័យ៖ លោក រ័ត្ន សុធី អតីតក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកស្រុកថ្មពួក ត្រូវបានតុលាការខេត្តនេះ កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺ ក្នុងករណី រួមគំនិតក្បត់ ជាមួយលោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង។
សវនាការលើកលោក រ័ត្ន សុធី ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយតុលាការ ក្នុងលិខិតកោះ បានចោទលោក រ័ត្ន សុធី បាន រួមគំនិតក្បត់ ប្រព្រឹត្តិនៅភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ជាមួយគ្នានេះ តុលាការថា ការប្រព្រឹត្តិរបស់លោក រ័ត្ន សុធី ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។
ទោះជាយ៉ាងណា លោក រ័ត្ន សុធី មុនសវនាការ បានប្រាប់ TN Hot New ថារូបលោក មិនបានប្រព្រឹត្តិដូចការចោទរបស់តុលាការឡើយ និងថាចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិមក លោកមិនបានធ្វើសកម្មភាពអ្វីនោះឡើយ ក្រៅតែការប្រកបរបរចិញ្ចឹមជីវិតក្នុងនាមជាកសិករ និងជាគ្រូបង្រៀនម្នាក់ នៅវិទ្យាល័យ ថ្មពួក តែប៉ុណ្ណោះ ហើយលោក និងស្នើសុំតុលាការទម្លាក់ចោលការចោទប្រកាន់មកលើរូបលោក។
ដូចគ្នានេះ កាលពីពាក់កណ្តាលខែធ្នូ ចុងឆ្នាំ២០២០ លោក រ័ត្ន សុធី ក៏ត្រូវបានចាប់ខ្លួន និងបញ្ជូនមកសួរនាំនៅអគ្គស្នងការនគរបាលជាតិ រាជធានីភ្នំពេញ ផងដែរ ក្រោយការសាកសួរ និងរកមិនឃើញបទល្មើស លោក រ័ត្ន សុធី ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ៕