ចេញផ្សាយ ថ្ងៃពុធ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរខាងប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ដោយសពមានសភាពហើមស្អុយរលួយទៅហើយ។
ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅជិតនោះ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពស្ត្រីខាងលើមានឈ្មោះ ឈុត និត អាយុ៣៦ឆ្នាំ ជាកម្មកក្រុមហ៊ុន ស៊ិន ទ្រី ផ្នែកបោសសំអាត និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។ ស្ត្រីរងគ្រោះ ធ្លាប់មានប្តី២នាក់រួចមកហើយ ដោយមានកូនចំនួន៣នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្នស្នាក់នៅតែម្នាក់ឯង បន្ទាប់ពីប្តីទី៣ បានចុះចោលរយៈពេល៣ខែមកហើយ ព្រោះតែរស់នៅមិនចុះសម្រុងគ្នា។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្បែរបន្ទប់ជួលរបស់ស្ត្រីរងគ្រោះខាងលើបានប្រាប់ឲ្យបានដឹងថា រយៈពេល២ថ្ងៃមកនេះ ចេះតែមានក្លិនស្អុយដោយមិនដឹងសាយភាយមកពីណា លុះនៅយប់ថ្ងៃ ទី០២ ខែកុម្ភៈ ក្មេងៗបាននាំគ្នាអើតមើលតាមប្រហោងបង្អួចបន្ទប់ស្ត្រីរងគ្រោះ ក៏បានឃើញស្ត្រីរងគ្រោះដេកផ្ញារ និងមានឈាមហូរជាច្រើនផងដែរ ។ បន្ទាប់ពីឃើញបែបនេះ ក្មេងបានរត់ទៅប្រាប់ ឪពុក ម្តាយ ប៉ុន្តែពុំមាននរណាជឿឡើយ ។
លុះព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ចេះតែធុំក្លិនស្អុយកាន់តែខ្លាំងទៅៗ ឪពុកម្តាយក្មេងតូចៗទាំងនោះ ក៏បានប្រាប់ទៅម្ចាស់បន្ទប់ជួល តាមសម្តីរបស់កូនតូចៗដែលបានប្រាប់នោះដើម្បីអោយម្ចាស់ផ្ទះជួលចូលទៅពិនិត្យមើល ថាតើពិតជាមានករណីដូចដែលក្មេងតូចៗ បានឃើញឬយ៉ាងណា?។
បន្ទាប់ពីម្ចាស់ផ្ទះជួល បានទទួលព័ត៌មាននេះ ក៏រាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីគាស់ទ្វារបន្ទប់ជួលចូលទៅពិនិត្យមើលទាំងអស់ព្រោះបន្ទប់នោះត្រូវចាក់សោពីខាងក្នុង។លុះពេលកម្លាំងនគរបាល និងក្រុមអាជ្ញាធរសង្កាត់ទៅដល់ ក៏បាននាំគ្នាគាស់ទ្វារបន្ទប់ចូលទៅខាងក្នុង ស្រាប់តែឃើញសពស្ត្រីរងគ្រោះ ដេកស្លាប់ពិតប្រាកដមែន ដោយមានសភាពហើមស្អុយរលួយ និងប្រឡាក់ពេញទៅដោយឈាម ។
ប្រភពពីអ្នកជិតខាងបន្តទៀតថា កាលពីប៉ុន្មានថ្ងៃ ស្ត្រីរងគ្រោះធ្លាប់បានប្រាប់អ្នកជិតខាងថា នាងនឹងលេបថ្នាំទម្លាក់កូនចោល ប៉ុន្តែចំពោះមូលហេតុនៃការចង់ទម្លាក់កូនចោលនោះ គឺនាងមិនបានប្រាប់ឡើយ។ លុះ២ទៅ៣ថ្ងៃក្រោយមក ក៏បាត់នាងឈឹងតែម្តង ដោយមិនដឹងនៅក្នុងបន្ទប់ ឬ រវល់ចេញទៅ ក្រៅ ព្រោះទាំងម្ចាស់ផ្ទះជួល និង អ្នករស់នៅបន្ទប់ក្បែរនោះមិនបានឃើញស្ត្រីរងគ្រោះ ហើយក៏មិនចាប់អារម្មណ៍ថាស្ត្រីរងគ្រោះបាត់ខ្លួនដែរ។ លុះក្រោយមក ដោយសារតែធុំក្លិនស្អុយ ទើបឈានដល់ការគាស់ទ្វារបន្ទប់ជួល ទើបដឹងថាស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយមានការភ្ញាក់ផ្អើល កម្លាំងនគរបាល ផ្នែកកោសល្យ វិច្ច័យ បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការពិនិត្យរកមូលហេតុនៃការស្លាប់បាត់បង់ជីវិតរបស់ស្ត្រីរងគ្រោះ។ ក្រោយការពិនិត្យ យ៉ាងល្អិតល្អន់រួច មកនគរបាលជំនាញបានបញ្ជាក់ថា ស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិត ដោយសារការបាត់បង់ឈាមច្រើន ពេក ព្រោះតែនាងលេបថ្នាំទម្លាក់កូន។ ក្រោយពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចហើយ សមត្ថកិច្ចពុំអាច ទំនាក់ទំនងទៅសាច់ញាតិរបស់ស្ត្រីរងគ្រោះបានឡើយ ក៏សម្រេចដឹកសពយកទៅកាន់វត្តទឹកថ្លា ដើម្បីបូជា តាមប្រពៃណី។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ គេក៏សង្កេតឃើញមានវត្តមានប្តីទី៣ របស់ស្ត្រីរងគ្រោះបានមកដល់ទី តាំងកើតហេតុ តាមការហៅមកសួរនាំពីសំណាក់សមត្ថកិច្ចផងដែរ។ លុះពេលសមត្ថកិច្ចធ្វើការសួរនាំ រួចបុរសរូបនោះក៏ចាកចេញទៅវិញ ដោយមិនបានដឹងឮ ជុំវិញការស្លាប់បាត់បង់ជីវិតរបស់ស្ត្រីរងគ្រោះជាប្រពន្ធឡើយ ព្រោះពួកគាត់បានបែកបាក់គ្នាអស់រយៈពេល៣ខែកន្លងមកហើយ៕