ជនមិនស្គាល់អត្តសញ្ញាណ បញ្ឆោតសិស្សវិទ្យាល័យ ហ៊ុនសែនព្រែកតាទែន យកម៉ូតូទៅបាត់ដោយសុវត្ថិភាព

0
1133

ចេញផ្សាយ ថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១

កណ្តាល៖ សិស្សសាលាវិទ្យាល័យ ហ៊ុនសែនព្រែកតាទែន ម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ លួងលោមបោកបញ្ឆោតយកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង១២នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​​​ចំណុចក្រោយឈាងខាងត្បូងសាលាបឋមសិក្សា ហ៊ុនសែនព្រែកតាទែ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ហេង ណារីក ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរជាសិស្ស រៀនថ្នាក់ទី៧ សាលាវិទ្យាល័យ ហ៊ុនសែនព្រែកតាទែន ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល និងរស់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល។

បើតាមសម្តីរបស់ប្អូនប្រុសដែលជាជរងគ្រោះបានប្រាប់ TN Hot​ New ឲ្យដឹងថា នៅមុនពេលកើតហេតុ ប្អូនបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាប៊ិក ពណ៌ខៀវ ពាក់ស្លាកលេខ កណ្ដាល1AJ-0029 ឌុបប្អូនរបស់ខ្លួនចេញពីផ្ទះ ក្នុងគោលបំណងទៅរៀននៅវិទ្យាល័យ ហ៊ុនសែនព្រែកតាទែន ខណៈពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់មិនបានស្គាល់អត្ដសញ្ញាណ វ័យចំណាស់បន្តិច បានមកលួងលោមប្អូនប្រុស ឲ្យឌុបខ្លួនពីលើផ្លូវជាតិលេខ៥ ចុះមកខាងក្រោយសាលាបឋមសិក្សា​ ហ៊ុនសែន​ព្រែកតាទែន ហើយក៏បានឆបោកដោយខ្ចីម៉ូតូ ទៅយកឯកសារឲ្យលោក ប្រាក់ វុទ្ធី ដែលជានាយកសាលាវិទ្យាល័យ ហ៊ុនសែនព្រែកតាទែន ក៏ទៅបាត់រហូតតែម្តង។

ប្អូនប្រុសបន្តទៀតថា ក្រោយពីត្រូវជនឆបោកបានយកម៉ូតូរបស់ខ្លួនទៅបាត់ ប្អូនចាប់ផ្តើុមមានអាការ វិលមុខ ដូចត្រូវថ្នាំសណ្តុំ ជាសំណាងបានអ្នកនៅជិតខាងជួយរឹតនិងហៅក្រុមគ្រួសារឲ្យមកយកទៅផ្ទះវិញ​។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកតាទែន ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកនិងធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង៦ល្ងាច ក្រុមគ្រួសារជនរងគ្រោះមិនទាន់បានទទួលដំណឹងអ្វីនៅឡើយពីសមត្ថកិច្ចទេ។

ជាមួយគ្នានេះ លោក កុយ សុធី នាយករងវិទ្យាល័យ ហ៊ុនសែនព្រែកតាទែន ក៏បានផ្តាំផ្ញើដល់មាតាបិតាសិស្សទាំងអស់ សូមមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំបណ្តោយឲ្យកូនជិះម៉ូតូល្អៗមករៀន

ដូច​​នេះទៀត ព្រោះកូនរបស់ខ្លួននៅក្មេងៗនៅឡើយ ណាមួយដើម្បីការពារសុវត្ថិភាពផង។

ការនេះ សូមមាតាបិតាសិស្សទាំងអស់ ទោះស្រលាញ់កូនយ៉ាងណា ក៏ត្រូវគិតពីសុវត្ថិភាពរបស់កូនដែរ នេះសំណាងហើយ ដែលចោរឆបោកយកម៉ូតូ ចោះបើចោរប្លន់ហើយ សម្លាប់ទៀតនោះ មិនធ្វើឲ្យយើងជាឪពុកម្តាយមានវិប្បដិសារីអស់មួយជីវិត ទ្រព្យក៏បាត់ កូនជាទីស្រលាញ់បង់សង្ខាទៅទៀតនោះ៕