រថយន្ដស៊ិនទ្រីបើកលឿនរេចង្កូបុកអ្នកថ្មើរជើងបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

0
930

ចេញផ្សាយថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ រថយន្ដប្រមូលសំរាម ក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿង បើកលឿនដូចហោះបានរេចង្កូតឡើងលើខឿនផ្លូវ ក៏បានជ្រុលចង្កូតទៅបុករ៉ឺម៉កម៉ូតូនិងអ្នកថ្មើរជើងបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៧:២០នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១ លើកំណាត់ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា អ្នកថ្មើរជើង មានឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែង។ ចំណែកអ្នកថ្មើរជើងម្នាក់ទៀត ឈ្មោះ ស៊ាង ពន្លឺ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្តដូចគ្នា មានទីលំនៅភូមិរាំងដែក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសធ្ងន់។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដម៉ាក DAIWOD ពណ៌លឿង គ្មានស្លាកលេខ របស់ក្រុមហ៊ុន ស៊ិនទ្រី បើកបរតាមបណ្តោផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណះពេលមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កក៏បានរេចង្កូតឡើងលើខឿនផ្លូវហើយជ្រុលទៅបុករ៉ឺម៉កម៉ូតូ និងមនុស្សពីរនាក់ជាអ្នកថ្មើរជើងស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុម្នាក់ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ដោយឡែកអ្នកបើកបររថយន្ដបង្ក នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោលល៕