ចេញផ្សាយ ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១
សកម្មជនបរិស្ថានដ៏សកម្មនៅកម្ពុជា និងជាម្ចាស់ពានការពារបរិស្ថានពិភពលោក ត្រូវបានចាប់ខ្លួន ក្នុងតំបន់ព្រៃឡង់ នៃខេត្តក្រចេះ ក្នុងសកម្មភាពចុះដាក់ពាក្យស្លោក និងបំបួសដើមឈើ។
ក្រោយការចាប់ខ្លួនសកម្មជនការពារបរិស្ថានមហាជន សង្គមស៊ីវិល ភ្លាមៗបានធ្វើការអំពាវនាវអោយមានការដោះលែងពួកគេអោយមានសេរីភាពឡើងវិញ ដែលរួមមាន៖ ១/ លោក អ៊ួច ឡេង ២/ លោក ហេង ស្រស់ ៣/ លោក ម៉ាន ម៉ាត់ ៤/ លោក ហេង រ៉ុន និង៥/ លោក ជួប ជាង ដែលពួកគាត់ត្រូវបានមន្រ្តីបរិស្ថានខេត្តក្រចេះឃាត់ខ្លួនកាលពីម៉ោង១២៖៤០នាទីថ្ងៃត្រង់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈពួកគេ ចុះដាក់ផ្លាកសញ្ញាហាមកាប់បំផ្លាញព្រៃឈើ នៅតំបន់ព្រៃឡង់ក្នុងខេត្តក្រចេះ នេះ។
បើតាមលោក ស ម៉ូរី អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា វាជារឿងដែលគួរឱ្យហួសចិត្ត និងចម្លែកបំផុតចំពោះមន្ត្រីរបស់រាជការខ្មែរមួយចំនួនដែលធ្វើការលើបញ្ហាព្រៃឈើ។ ថ្មីៗនេះ ដោយលោក ទើបតែបានត្រឡប់មកពីស្រុកសំបូរខេត្តក្រចេះ។
លោក ស ម៉ូរី សរសេរទៀតថា បើលោកអ្នកធ្វើដំណើរតាមដងទន្លេមេគង្គឆ្លងកាត់ឃុំវឌ្ឍនៈ និងឃុំកំពង់ចាម (ភូមិ យាវ ទន្សោងធ្លាក់ អាជេន ស្ពានក្តា ឬស្រែថ្មាយ) លោកអ្នកនឹងបានឃើញផ្ទាល់ភ្នែក(កុំចេះតែព្រីនស្រ្កីន ហើយថាព័ត៌មានក្លែងក្លាយ បើមិនជឿទៅមើលខ្លួនឯង) គឺព្រៃឈើខ្មែរត្រូវបានគេដឹកចេញដោយគោយន្ត រថយន្តប្រភេទសាំងយ៉ុង ម៉ូតូ តាមផ្លូវក្នុងភូមិ និងដឹកចុះទន្លេ យ៉ាងគគ្រឹកគគ្រេង ដូចអ្នកភូមិតែងតែថា “ដឹកឈើដូចហែកឋិន” នេះមិនទាន់និយាយដល់ក្រុមហ៊ុនមួយនោះ ដែលដឹកឈើដោយរថយន្តម៉ាកយីឌុប (ក្នុង១រថយន្តអាចផ្ទុកប្រមាណ១០ ម៉ែត្រគូបឡើងទៅ) រាប់សិបឡានក្នុងមួយថ្ងៃៗ (សហគមន៍បានរាយការណ៍ថា ឈើជាច្រើនគោយន្តបានដឹកចេញពីព្រៃឡង់ចូលក្នុងបរិវេណក្រុមហ៊ុននោះជារៀងរាល់ថ្ងៃ)។
រឿងចម្លែក គឺថាមន្ត្រីរបស់រាជការនៅតំបន់ខាងលើដែលមានសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ បែជាធ្វើមិនឃើញ មិនដឹង មិនឮ ចំពោះសោដ្ឋនាកម្ម និងបទល្មើសព្រៃឈើដ៏គួឱ្យសោកសង្រែង។ បើលោកអ្នកមិនជឿ ទៅតំបន់ខាងលើ រួចសាកសួរប្រជាពលរដ្ឋទៅ និងមើលស្ថានភាពជាក់ស្តែងទៅដឹងហើយ ក្រែងថាលោកពន្លើស។
ជាមួយគ្នានោះ លោក ស ម៉ូរី ក៏បានសង្កត់ធ្ងន់ថា រឿងដែលហួសចិត្តបំផុត ចំពោះសកម្មជនបរិស្ថាន និងសហគមន៍ដែលមានឆន្ទៈចង់ការពារព្រៃឈើខ្មែរដែលនៅសេសសល់ បែជាត្រូវបានហាមឃាត់មិនឱ្យចូលព្រៃ និងត្រូវបានចាប់ខ្លួនទៅវិញ ដោយសារតែពួកគេចូលទៅការពារព្រៃ និងប្រមូលភស្តុតាង អំពីបទល្មើសព្រៃឈើ។ រីឯអ្នកកាប់ឈើ អាចជិះគោយន្តចូលព្រៃ កាប់ព្រៃ និងដឹកឈើចេញយ៉ាងរំភើយ។
សូមជំរាបថា រហូតមកដល់ថ្ងៃនេះ សកម្មជនការពារបរិស្ថានទាំង៥រូបនៅមិនទាន់ដោះលែងអោយមានសេរីភាពនៅឡើយទេ ស្របពេលសង្គមស៊ីវិល បាននិងកំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់បំផុតនោះ៕