ចេញផ្សាយ ថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ សង្គ្រាមចិត្តសាស្ត្រនយោបាយ របស់អ្នកប្រជាធិបតេយ្យ បាននិងកំពុងរុញច្រាននាវាមួយនេះ ហាក់គ្មានកោះត្រើយរយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ដោយបទពិសោធន៍ក៏មានច្រើន តែចរិកនៃការមួលបង្កាច់លាបពណ៌រវាងខ្មែរគ្នាឯងក្នុងសង្គមមួយនេះមិនអាចបំបាត់បានឡើយ។
ដូចគ្នានេះ រវាងគន្លងចាស់ក៏បានធ្វើការឆ្លុះបញ្ចាំង ពីបទពិសោធន៍អ្នកនយោបាយគណបក្សបក្សហ្វ៊ុនសុិនបុិច និង គណបក្ស សឺន សាន ទៅនឹងអ្នកបង្កើតបក្សថ្មី តើនឹងមានវាសនាយ៉ាងដូចម្តេច?។
ក្នុងនោះសម្រាប់អ្នកនយោបាយ មាជ សុវណ្ណារ៉ា បានលើកឡើងថា យោងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា នៅក្នុងរបបសេរីពហុបក្ស គឺយកការបោះឆ្នោត ក្នុងការប្រកួតប្រជែងពីបក្សនយោបាយនានាចូលរួមដណ្តើមអាសន:សមាជិកតំណាងរាស្ត្រ និងតំណែងនាយករដ្ឋមន្ត្រី ពេលខ្លួនឈ្នះការបោះឆ្នោត ។ ដូច្នេះសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ៗ ត្រូវធានា និងការពារសិទ្ធិដោយច្បាប់ចូលរួមយ៉ាងសកម្មក្នុងការប្រឡូកក្នុងឆាក នយោបាយ ដោយឈរឈ្មោះបង្កើតគណបក្ស បេក្ខជនតំណាងរាស្ត្រ និងបេក្ខជននាយករដ្ឋមន្ត្រី ក្នុងវ័យពី២៥ឆ្នាំឡើងទៅ ។
លោក មាជ សុវណ្ណារ៉ា បន្តថា ដើម្បីក្លាយខ្លួនអោយបានជោគជ័យ អ្នកនយោបាយត្រូវបង្ហាញខ្លួន ” តើខ្ញុំជានរណា? ” ជាមួយគោលនយោបាយបក្សក្នុងការកសាងជាតិ អោយពលរដ្ឋម្ចាស់ឆ្នោតបានស្គាល់ បានយល់ និងចាប់អារម្មណ៍ ដែលអ្នកនយោបាយត្រូវបញ្ចេញថ្វីដៃ នូវចំណេះដឹង សមត្ថភាព សកម្មភាព វោហាសាស្ត្រ ក្នុងការស្វែងរកប្រជាប្រិយភាពរបស់ខ្លួន ពីសំណាក់ការគាំទ្ររបស់ប្រជារាស្ត្រ ។
ដូចគ្នានេះ លោក មាជ សុវណ្ណារ៉ា ថា ជាបទពិសោធន៍រវាងអ្នកនយោបាយ និងពលរដ្ឋម្ចាស់ឆ្នោត ស្ទើរតែ៣ទសវត្សរ៍មកហើយ ចាប់តាំងពីការបោះឆ្នោតជាតិអាណត្តិទី១ នៅឆ្នាំ១៩៩៣ ដែលរៀបចំនិងគ្រប់គ្រងឡើងដោយអង្គសហប្រជាជាតិ UNTAC យើងឃើញបក្សធំចំនួន៣ ដែលត្រូវចាប់អារម្មណ៍ពីពលរដ្ឋម្ចាស់ឆ្នោត គឺគណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សប្រជាជនកម្ពុជា និងគបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា(លោកតា សឺន សាន) ។ ហើយអ្វីដែលអ្នកបោះឆ្នោតចាប់អារម្មណ៍ គឺគេមើលបុគ្គលជាមេបក្សជាមុន ” ដោយការស្គាល់ ដោយការទុកចិត្ត អាចសម្រេចថាបោះអោយ ដោយគិតថាអាចពឹងពាក់ព្រេងវាសនាទៅលើពួកគេ ក្នុងការកាច់ចង្កូតនាវាកម្ពុជាមួយអាណត្តិ ៥ឆ្នាំម្តង ផ្លាស់ប្ដូរដើម្បីសេរីភាព យុត្តិធម៌ និងសន្តិភាព សម្រាប់ឆ្ពោះទៅរកការស្តារ និងអភិវឌ្ឍប្រទេសជាតិ ” ។
លោក មាជ សុវណ្ណារ៉ា បន្ថែមថា ដូច្នោះហើយ បានពលរដ្ឋសម្រេចការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំថ្មី នាអំឡុងកាលនោះ គឺគណបក្សហ្វ៊ុនសុិនបុិច ជាប់ឆ្នោតលំដាប់លេខ១(៥៨អសន:)ជាគណបក្សអ្នកប្រជាធិបតេយ្យរាជានិយម ក្រោមការដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលគេស្គាល់ថាជាបុត្រារបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ភាសាសាមញ្ញហៅថា”ឈ្នះដោយការសុីកេរពីព្រះកិត្តិនាមព្រះរាជបិតារបស់ខ្លួន” ក្នុងខណ:ពលរដ្ឋម្ចាស់ឆ្នោត ចង់អោយមានការផ្លាស់ប្តូរទៅរករបបដឹកនាំបែបសេរី។ ព្រោះអតីតកាលប្រវត្តិសាស្រ្តនៃនឹមអតីតបក្សកុម្មុយនីស្តត្រួតត្រា បានធ្វើអោយពលរដ្ឋភ័យខ្លាច និងឈឺចាប់ ដោយរស់នៅក្នុងចំណងជីវិតអត់ឃ្លាន និងគ្មានសេរីភាព តាំងពីរបបប៉ុលពត ខ្មែរក្រហម បន្តមកដល់របបក្រុងភ្នំពេញមានយួនត្រួតត្រា ។
លោក មាជ សុវណ្ណារ៉ា សង្កត់ធ្ងន់ថា រីឯគណបក្សប្រជាជនកម្ពុជា បានជាប់ឆ្នោតលំដាប់ទី២ ជាអតីតបក្សកុម្មុយនីស្ត ដឹកនាំដោយលោក ហេង សំរិន លោក ជា ស៊ីម និង លោក ហ៊ុន សែន គណបក្សនេះក៏ឈ្នះដោយសារ សុីកេរ ៧ មករា ឆ្នាំ១៩៧៩ ហើយមេបក្សទាំង៣នាក់ ត្រូវបានគេស្គាល់ថាជាមនុស្សសកម្មប្រយុទ្ធក្នុងសមរភូមិសង្រ្គាម ដោយសហការជាមួយកងទ័ពយួន ជួយរំដោះកម្ពុជា និងអាយុជីវិតពលរដ្ឋខ្មែរ អោយរួចផុតពីរបបបនប្រល័យពូជសាសន៍ខ្មែរក្រហម៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក៏រក្សាបាននូវការទុកចិត្តពីសំណាក់ពលរដ្ឋម្ចាស់ឆ្នោត (៥១អសន:) ។
លោក មាជ សុវណ្ណារ៉ា បន្ថែម ចំណែកឯគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា (បក្សលោកតា សឺន សាន) វិញ ទទួលបានការជាប់ឆ្នោតលំដាប់លេខ៣(១០អសន:) ដោយលោកតាត្រូវបានអ្នកបោះឆ្នោត ជាពិសេសពលរដ្ឋដែលជាអតីតជនភៀសខ្លួនតស៊ូជាយដែនថៃ រាប់សែននាក់ បានស្គាល់លោកតាជាអតីតប្រធានចលនារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ តស៊ូរំដោះការឈ្លានពានពីសំណាក់កងទ័ពយួន “ថាជាអ្នកនយោបាយស្អាតស្អំ ដើរតាមមាគ៌ាព្រះពុទ្ធសាសនា ” បង្ហាញគោលនយោបាយច្បាស់លាស់ ប្រឆាំងដាច់ខាតទៅនឹងការឈ្លានពានពីសំណាក់បរទេស, ប្រឆាំងដាច់ខាតទៅនឹងការវិលវិញនៃរបបប្រល័យពូជសាសន៍ និងប្រឆាំងដាច់ខាតទៅនឹងអំពើពុករលួយ ។
លោក មាជ សុវណ្ណារ៉ា ធ្វើការកត់សម្គាល់ថា គ្រោះនយោបាយរបស់បក្សអ្នកប្រជាធិបតេយ្យក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ និងក្រោយរដ្ឋប្រហារឆ្នាំ១៩៩៧ គឺ៖ ឥទ្ធិពលរបស់គណបក្សនយោបាយពីក្រុមអ្នកប្រជាធិបតេយ្យ មិនថាគណបក្សហ្វ៊ុនសុិនប៉ិច ឬគណបក្សលោកតា សឺន សាន អតីតដៃគូក្នុងរដ្ឋាភិបាលចម្រុះត្រីភាគី តស៊ូនៅក្នុងព្រៃទល់ដែនសៀមជាមួយគ្នា ដោយសារការខ្វះខាតផ្នែកយុទ្ធសាស្ត្រ យុទ្ធវិធី និងវិធីសាស្ត្រនយោបាយ ក្នុងការទប់ទល់ជាមួយគណបក្សគូប្រជែង គឺគណបក្សប្រជាជនកម្ពុជា CPP ការបែកបាក់ផ្ទៃក្នុង ការគ្មានវិន័យក្នុងសណ្តាប់ធ្នាប់តួនាទី ភារកិច្ច និងករណីយកិច្ច ដោយសារតែឥទ្ធិពលលាបសក្ការៈ បុណ្យសក្តិអំណាច អំពើពុករលួយ និងក្បត់គ្នាក្នុងក្រុម ក្នុងបក្ខ គឺជាយថាហេតុដ៏គ្រោះថ្នាក់់ សម្រាប់គូបដិបក្ខងាយនឹងបំបែកបំបាក់សាមគ្គីផ្ទៃក្នុង តាមរូបភាព”ច្រែះសុីដែក” យុទ្ធសាស្ត្រ DEFEAT កម្ទេចដើម្បីត្រួតត្រា ។
លោក មាជ សុវណ្ណារ៉ា ថា គណបក្សលោកតា សឺន សាន ជម្លោះវិបត្តិបែកបាក់បក្សនៅឆ្នាំ១៩៩៥ រវាង លោកតា សឺន សាន និង លោក អៀង មូលី រហូតដល់ការប្តឹងប្តល់ដណ្តើមបក្សគ្នា ហើយការជ្រៀតជ្រែកពីសំណាក់បក្សប្រជាជនកម្ពុជា ភាគី លោក អៀង មូលី មានប្រៀបឈ្នះ ធ្វើអោយគណបក្ស១ ក្លាយជាម្ចាស់២ ចែកគ្នាដើរចេញទៅបង្កើតគណបក្សរៀងៗខ្លួន ត្រៀមចូលរួមការបោះឆ្នោតជាតិអាណត្តិទី២ នៅឆ្នាំ១៩៩៨ ដោយលទ្ធផលនៅទីបញ្ចប់ គឺ ៊សូន្យ(០) ទាំងអស់គ្នា ហើយឈ្មោះគណបក្សក៏រលត់រលាយទៅទៀត ។
លោក មាជ សុវណ្ណារ៉ា បន្តថា រីឯគណបក្សរាជានិយមហ្វ៊ុនសុិនបុិច ជាអតីតមកពីចលនា សីហនុនិយមវិញ ក៏រលត់រលាយស្ទើរអស់រចនាសម្ព័ន្ធថ្នាក់ដឹកនាំកំពូលៗ ដែលជាស្ថាបនិកបក្ស បើទោះបីជាបក្សដែលធ្លាប់មានប្រជាប្រិយភាពខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តការបោះឆ្នោតក្នុងរបបសេរីឆ្នាំ១៩៩៣ នៅមានបញ្ជីឈ្មោះចូលរួមការបោះឆ្នោតក៏ដោយ ។ មូលហេតុការបែកបាក់ផ្ទៃក្នុង និងការជ្រៀតជ្រែកក្នុងផែនការកម្ទេចអោយខ្សោយដើម្បីត្រួតត្រាកម្លាំងនយោបាយមនុស្សនៅក្នុងគណបក្សរាជានិយម ដោយគណបក្សប្រជាជនកម្ពុជា មិនខុសគ្នាទៅនឹងគណបក្សលោកតាសឺន សាន នោះទេ ។ ជម្លោះនយោបាយផ្ទៃក្នុងរឿងលោក សមរង្សី អតីតតំណាងរាស្រ្ត ខេត្តសៀមរាប និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្លោះគ្នានឹងឧកញ៉ា ថេង ប៊ុនម៉ា រឿងបន្លំពន្ធសាងសង់ផ្សារអូឡាំពិច ធ្វើអោយលោក ហ៊ុន សែន អាក់អន់ចិត្ត និងខឹងសម្បារ រំអិលអោយសម្តេចក្រុមព្រះដកចិត្តពីរដ្ឋមន្ត្រី និងបណ្តេញចេញពីសមាជិកសភាទៀតផង នេះគឺជាគំនុំនយោបាយនៃការចាប់ផ្តើមបែកបាក់អ្នកប្រជាធិបតេយ្យ នៅឆ្នាំ១៩៩៥ បន្តមក លោក ទន់ ចាយ អតីតអភិបាលខេត្តសៀមរាប និងលោក ដួង ខែម អតីតអភិបាលខេត្តបន្ទាយមានជ័យ បានដើរចេញពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងជម្លោះផ្ទៃក្នុងដែលមិនអាចផ្សះផ្សាបាននៅដើមឆ្នាំ១៩៩៧។ គណបក្សរាជានិយមនេះ ក៏ត្រូវមានជម្លោះវិបត្តិនយោបាយជាមួយគណបក្សដៃគូនៃរដ្ឋាភិបាលចម្រុះ គឺបក្ស CPP ដោយការបង្កហេតុចោទថាសហនាយករដ្ឋមន្ត្រីទី១ សម្តេចក្រុមព្រះ លួចទិញអាវុធខុសច្បាប់នាំចូលកម្ពុជា និងការនាំកម្លាំងខ្មែរក្រហមខុសច្បាប់ចូលលាក់ខ្លួននៅទីក្រុងភ្នំពេញ ដោយការចោទប្រកាន់ទាំងនេះ ក៏បានបង្កអោយមានជម្លោះប្រដាប់អាវុធនៅខេត្តបាត់ដំបង រវាងកងទ័ពប្រកាន់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយអតីតអភិបាលខេត្តបាត់ដំបង លោក អ៊ុង សាមី និងកងទ័ពហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយអភិបាលរងទី១ លោក សេរី កុសល ការផ្ទុះអាវុធនៅទីបញ្ជាការជើងទឹកព្រែកតាទែន ការផ្ទុះអាវុធមុខផ្ទះលោក ហុក ឡង់ឌី និងបន្ទាយកងការពាររក្សាព្រះអង្គរបស់សម្តេចក្រុមព្រះនៅតាំងទួលក្រសាំង ដឹកនាំដោយ លោក ញឹក ប៊ុនឆៃ.លោក ហូ សុខ. លោក ក្រូច យឿម.លោក លី សេងហុង.លោក ជារិទ្ធី ឈុត ជាដើម រហូតកើតក្លាយជារដ្ឋប្រហារបង្ហូរឈាមគ្នានៅថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ បន្ទាប់ពីព្រឹត្តិការណ៍ជម្លោះដោយប្រដាប់អាវុធមកកម្លាំងស្នូលរចនាសម្ព័ន្ធនៃនយោបាយចាត់តាំងបក្ស និងយោធា ត្រូវបែកបាក់ ខ្ចាត់ខ្ចាយ អ្នកខ្លះចុះចូល CPP អ្នកខ្លះនៅស្ងៀមស្ងាត់ចៀសវាងការជាប់គុក ឬ ស្លាប់ អ្នកខ្លះចេញក្រៅប្រទេស និងអ្នកខ្លះត្រឡប់ទៅតស៊ូច្បាំងម្តងទៀតនៅតំបន់អូរស្មាច់ក្នុងរយៈពេលជាង១ឆ្នាំ ។
លោក មាជ សុវណ្ណារ៉ា រំលឹកទៀតថា នៅក្នុងអំឡុងការបោះឆ្នោតអណត្តិទី២ ឆ្នាំ១៩៩៨ គណបក្សរាជានិយម ហ្វ៊ុន ស៊ិនប៉ិច (Funcinpec) បានបែកជាច្រើនចំរៀក បង្កើតជាគណបក្សចូលការបោះឆ្នោតរួមមាន៖ គណបក្សរាស្ត្រនិយម របស់អតីតសហនាយករដ្ឋមន្ត្រីទី១ អុឹង ហួត(ជំនួសតំណែងសម្តេចក្រុមព្រះ),គណបក្សសង្គមថ្មី របស់លោក ឡូយ សុឹមឈាង អតីតអនុប្រធានទី១រដ្ឋសភាជាតិ, គណបក្ស សម រង្សី របស់លោក សម រង្ស៊ី,គណបក្សពលរដ្ឋខ្មែរ របស់លោក ងួន សឿ អតីតអគ្គនាយករងទី១ នគរបាលជាតិ, គណបក្សដើមត្នោត របស់លោក ទន់ ចាយ-ដួង ខែម, គណបក្សរបស់លោក គីង សំណាង អតីតអគ្គនាយករងនគរបាលជាតិ ជាដើម ។ ប៉ុន្តែលទ្ធផល គណបក្សទាំងនោះគឺ សូន្យ លើកលែងតែបក្សហ្វុ៊នសុិនបុិច នៅមានកៅអី ដោយបាន៤៣អសន: បែកសម្លេងអស់១៥ អសន: ដោយធ្លាក់ទៅលើបក្ស សម រង្សី បង្កើតថ្មី ។ បោះឆ្នោតឆ្នាំ២០០៣-២០០៨ និង២០១៣ គណបក្សរាជានិយម ក៏បែកខ្ញែកជាពីរគណបក្សទៀត ជាមួយ លោក ញឹក បុ៊នឆៃ គឺពី៤៣អសន: មក២៤, ពី២៤ មក២ អសន: ។
អ្នកនយោបាយ មាជ សុវណ្ណារ៉ា បន្ថែមដោយធ្វើការឆ្លុះបញ្ចាំងនយោបាយបច្ចុប្បន្នវិញថា ចុះឥឡូវក្រឡែកមើលអ្នកប្រជាធិបតេយ្យរបស់អតីតបក្សសង្គ្រោះជាតិវិញម្តង តើយ៉ាងណាវិញ?។
លោកថា ក្រោយពីការចាប់មេបក្ស លោក កឹម សុខា ដាក់គុក នៅដើមខែកញ្ញា និងរំលាយបក្សសង្រ្គោះជាតិ នៅពាក់កណ្ដាលខែវិច្ឆិកា ក្នុងអំឡុងឆ្នាំ២០១៧ អតីតបក្សប្រឆាំងដ៏មានសក្តានុពល គាំទ្រសម្លេងពីពលរដ្ឋម្ចាស់ឆ្នោតស្ទើរកន្លះនគរ ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ។ ហើយបើទោះបីកម្លាំងមូលដ្ឋាននៅរឹងមាំក្នុងបេះដូងពលរដ្ឋក៏ដោយ ក៏ផ្ទៃក្នុងបក្សនយោបាយ ត្រូវគេមើលឃើញពីការចែកផ្លូវទៅរកនិន្នាការបក្សចាស់ មុនការចងសម្ព័ន្ធ និងរួបរួមគណបក្ស គឺក្រុមនិយមអាវស(សម រង្ស៊ី) និងអាវលឿង(កឹម សុខា) ព្រោះតែការមិនឯកភាពគ្នា ដើរតាមគោលការណ៍បក្ស យន្តការបក្ស និងលក្ខន្តិកៈបក្ស ក្រោយរំលាយ គឺបានបង្កើតគណ:កម្មការចំពោះកិច្ច មានតួនាទីជំនួសគណបក្ស ដឹកនាំធ្វើកិច្ចការទូតដើម្បីស្វែងរកដំណោះស្រាយវិបត្តិនយោបាយ ។ ប៉ុន្តែស្ថាប័នមួយនេះ មិនបានបំពេញតួនាទីទេ ក្រៅតែពីមានការខ្វែងគំនិតគ្នា និងបែកបាក់ ដោយខាងកម្លាំងអាវស(សម រង្ស៊ី) នាំគ្នាបង្កើតសមាគមអ្នកប្រជាធិបតេយ្យ បង្កើតចលនាសង្រ្គោះជាតិ CNRPA និង CNRPO ជាដើម រហូតបន្តបន្ទាប់វាយប្រហារលាបពណ៌គ្នារវាងអ្នកក្នុងស្រុក និងក្នុងស្រុក រវាងអ្នកក្រៅស្រុក និងអ្នកក្រៅស្រុក ហើយរវាងអ្នកក្នុងស្រុក និងក្រៅស្រុកផងដែរ ខណ:មេបក្សក្នុងស្រុកជាប់បម្រាមហាមនិយាយនយោបាយ ហើយមេបក្សក្រៅស្រុកអាចនិយាយបាន តែមិននិយាយ ពីជម្លោះផ្ទៃក្នុងបក្ស?។
លោក មាជ សុវណ្ណារ៉ា បន្ថែមទៀតថា ចំណែកក្រុមអ្នកនយោបាយសុំសិទ្ធិធ្វើនយោបាយវិញ មិនថាអតីតភាពជាអ្នកតំណាងរាស្ត្រ ឬអតីតមន្រ្តីជាន់ខ្ពស់ ជាង៣ឆ្នាំក្រោយពីការរំលាយបក្ស ហើយមេបក្ស ក៏មិនទាន់ត្រូវរួចផុតពីបណ្តឹងតុលាការ និងមិនសង្ឃឹមថាបក្សរបស់ខ្លួនរស់ឡើងវិញនោះ ដោយពួកអ្នកនយោបាយទាំងនោះ រួតរះសុំច្បាប់បង្កើតគណបក្ស អោយទាន់ការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ និងបោះឆ្នោតជាតិឆ្នាំ២០២៣ ដោយមេបក្សដែលជាអតីតតំណាងរាស្ត្រ និងបក្សត្រៀមបង្កើតនៅពេលខាងមុខនោះទៀត ដោយបានស្នើអោយអ្នកប្រជាធិបតេយ្យរួបរួមគ្នា ចូលរួមការបោះឆ្នោតនៅឆ្នាំក្រោយកុំអោយហួសពេល ដោយសំណួរមហាជនសួរថា បើរកការរួបរួមគ្នាបង្កើតគណបក្ស បន្តបេសកកម្មជួយជ្រោងដួងព្រលឹងគណបក្សសង្រ្គោះជាតិ ហើយតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ម្តេចមិនប្រមូលផ្តុំកម្លាំងគ្នាជាធ្លុងមួយ តែផ្ទុយទៅវិញបែរជានាំគ្នា ម្នាក់ៗទៅបង្កើតគណបក្សផ្សេងៗគ្នា? តើនេះមិនមែនជាការបំបែកកម្លាំងអ្នកប្រជាធិបតេយ្យទេឬ? វាជាសិទ្ធិនយោបាយរបស់បុគ្គលក្នុងសកម្មភាពធ្វើនយោបាយ បង្កើតគណបក្សក៏ពិតមែន ដោយបំណងមិនចង់អោយបាត់បង់ សេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធ្លាក់ទៅរកអំណាចផ្តាច់ការនោះ គឺជារឿងត្រឹមត្រូវហើយ ។ ប៉ុន្តែអ្នកនយោបាយ ត្រូវមើលកាលៈទេសនយោបាយ និងចរន្តផ្លាស់ប្ដូរនៃឆន្ទៈពលរដ្ឋ ថាតើឥទ្ធិពលរបស់ខ្លួន វាមានដល់កម្រិតណាហើយ ហើយជារជ្ជកាលរបស់យើងដែលត្រូវចាប់ផ្តើមឬក៏មិនទាន់ដល់ឱកាសពេលវេលាហុចអោយ។
លោក មាជ សុវណ្ណារ៉ា បន្តដោយថាអ្នកបង្កើតគណបក្សថ្មីមិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងប្រជាប្រិយភាព ព្រមទាំងយុទ្ធសាស្រ្តនយោបាយ ដូច្នេះជោគជ័យឬបរាជ័យ វាអាស្រ័យនៅលើការឆ្លាតវៃ និងចក្ខុវិស័យរបស់អ្នកនយោបាយខ្លួនឯង ក្នុងការសម្រេចចិត្ត? ។ តែបើអ្នកនយោបាយជាប់ចំណងគេ ព្រោះលាបសក្ការៈបង្កើតគណបក្សដើម្បីបំបែកកម្លាំងអ្នកប្រជាធិបតេយ្យ ស៊ីឈ្នួលយកលុយគេក្តី នោះវាជារឿងមួយផ្សេងទៅវិញ ។
លោក មាជ សុវណ្ណារ៉ា ថា គ្មានអ្នកនយោបាយណាម្នាក់ចង់ឃើញការធ្វើនយោបាយរបស់ខ្លួនបរាជ័យនោះទេ តែអ្នកនយោបាយ ត្រូវក្រឡេកមើលថយក្រោយនៃបទពិសោធន៍របស់អ្នកនយោបាយមុនៗ នៅក្នុងគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច.គណបក្សលោកតា សឺន សាន និងគណបក្សជាតិខ្មែរ របស់លោក សម រង្សី ជាដើម តើការបែកបាក់ផ្ទៃក្នុងយ៉ាងណាមកពីកត្តាអ្វី? ហើយអ្នកទៅបង្កើតគណបក្សថ្មីបានជោគជ័យ ឬយ៉ាងណា? មេគណបក្សថ្មីគឺជាមនុស្សមានឥទ្ធិពល និងប្រជាប្រិយភាពយ៉ាងមិចដែរ? ពលរដ្ឋស្គាល់មុខច្បាស់ និង ដឹងពីស្នាដៃ ហើយពួកគាត់មានជឿជាក់លើខ្លួនប៉ុណ្ណាហើយឬនៅ? តើមានអ្វីចង្អុលបង្ហាញវាស់វែងហើយឬនៅ ថាខ្លួនមានសមត្ថភាព លទ្ធភាព ក្នុងការបង្កើតគណបក្ស ប្រភពនៃកម្លាំងគាំទ្រ ប្រភពនៃហិរញ្ញវត្ថុ ដើម្បីជាតម្លាភាព និងគណនេយ្យ ទប់ស្កាត់ការរិះគន់ ចោទប្រកាន់ នៅក្នុងសង្គមនៃវប្បធម៌លាបពណ៌ដែលងាយនឹងគ្រោះថ្នាក់សម្រាប់អ្នកនយោបាយ មិនចង់ឃើញ ឬជួបវាសនាអាក្រក់កើតមានចំពោះខ្លួនក្តី ប្រទេសជាតិក្តី និងការខកបំណងរបស់ប្រជាពលរដ្ឋជាដើម? ។
លោក មាជ សុវណ្ណារ៉ា បន្ថែមដោយដកខ្លួនជាមួយអ្នកបង្កើតគណបក្សថ្មី ក្នុសំណេររបស់លោកដើម្បីជៀសវាងការលាបពណ៌ ដោយលោកថា ការលើកទស្សន:វិភាគនេះ មិនមែនក្នុងចេតនាណាមួយរារាំងឃាត់ឃាំងនោះទេ តែគ្រាន់ជាការជួយដាស់ស្មារតីតាមបែបវិទ្យាសាស្ត្រនយោបាយតែប៉ុណ្ណោះ ដោយអ្នកស្រាវជ្រាវព្រឹត្តិការណ៍នយោបាយ ឬអ្នកវិភាគ អោយជាការគូសវាសមើលថា បើល្គឹកណាគ្មានការបើកភ្លើងខៀវ ឬការបើកចិត្តឲ្យទូលាយគាំទ្រពីមេដឹកនាំកំពូលទាំង២នាក់នៅពីក្រោយទេនោះ គឺអ្នកនយោបាយជំនាន់ថ្មី ឬបញ្ញវន្ត បុគ្គលឯករាជ្យ ទៅបង្កើតចលនាថ្មី ឬគណបក្សថ្មី ដើម្បីធ្វើសកម្មភាពនយោបាយនៅកម្ពុជា គឺពិតជាលំបាកណាស់ក្នុងការស្វែងរកការគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោត ឬសហគមន៍ខ្មែរនៅឯនាយសមុទ្រ? ។
លោក មាជ សុវណ្ណារ៉ា បន្តថា ទម្លាប់នៃការគាំទ្រអ្នកនយោបាយពីសំណាក់ពលរដ្ឋខ្មែរ គឺថាកាលណាពួកគេចូលចិត្ត ស្រឡាញ់ លើបុគ្គលណាហើយ វាពិបាកណាស់ក្នុងការផ្លាស់ប្តូរចិត្ត បើបុគ្គលនោះ ឬឥស្សរជននយោបាយរូបនោះនៅតែមានឆន្ទៈធ្វើនយោបាយ លះបង់ជីវិតដើម្បីលើកកម្ពស់ជីវភាព សេរីភាព និង សេចក្តីថ្លៃថ្នូរសំរាប់ពលរដ្ឋខ្មែរនោះ? ។ ដូចនេះវាគ្មានកម្លាំង ឬបក្សណាហក់ចូលយកប្រៀបលើអតីតគណបក្សសង្រ្គោះជាតិ ឬគណបក្សកាន់អំណាចបាននោះទេ។ ប៉ុន្តែក្នុងកាលៈទេសៈនយោបាយទ័លច្រកបែបនេះ ដើម្បីរត់ឲ្យទាន់សភាពការណ៍នយោបាយនៅកម្ពុជា ដែលនៅសល់ពេលជាងមួយឆ្នាំទៀតផងនោះ នឹងត្រូវដល់កាលកំណត់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និង ការបោះឆ្នោតជា តិអាណត្តិទី៧ ឆ្នាំ២០២៣ ដោយពួកអ្នកវិភាគគិតថា មេដឹកនាំដ៏ឆ្នើមទាំង២រូបនេះប្រាកដជាឆ្លាតក្នុងនយោបាយ មិនឆោតល្ងង់នោះទេ? ពោលគឺមិនធ្វើឲ្យអ្នកបោះឆ្នោតដែលធ្លាប់គាំទ្រដល់ទៅជាង៣លាននាក់អស់ក្តីសង្ឃឹម ជាមួយកម្លាំងស្នូល និងសកម្មជនដែលនៅឯមូលដ្ឋាន (The Polictical’s Grassroots) ឲ្យបាត់បង់ និងឯកោនោះទេ? ។
លោក មាជ សុវណ្ណារ៉ា ថា ការតស៊ូនយោបាយរបស់មេបក្សប្រឆាំងទាំងពីរ(សម រង្ស៊ី កឹម សុខា)ជាមួយសហការីសំខាន់ផ្សេងៗទៀតមានជីវិតរស់ក្នុងអាជីពនយោបាយក្រោមព្យុះភ្លៀង រលកបោកបក់ ទាំងមានអ្នកជាប់គុកផង អ្នកស្ទើរបាត់បង់ជីវិតផង ហើយក៏មានអ្នកស្លាប់ផងដែរ ក៏នៅតែមិនរុញរា ក្នុងការបន្តជីវិតដោយស្វិតស្វាញក្រាញននៀលក្នុងទីលានសមរភូមិនយោបាយដ៏គ្រោះថ្នាក់នៅកម្ពុជា តទល់ជាមួយបក្សកាន់អំណាច CPP របស់លោក ហ៊ុន សែន ក្នុងរយ:ពេលជាង២០ឆ្នាំកន្លងមកនេះក្រោមសម្ពាធនៃយុទ្ឋសាស្រ្ត” ច្រែសស៊ីដែក” បំបែកបំបាក់ សំឡុត សូក សម្លាប់ និងការប្រើប្រាស់តុលាការជាឧបករណ៍ក្នុងការកម្ទេចគណបក្សប្រឆាំងដោយគ្មានឈប់ឈរ ដោយប្រើនយោបាយមិនស្មោះត្រង់ទៅលើគូបដិបក្សរហូតរំលាយបក្សសង្គ្រោះជាតិបានទាំងស្រុង និងចាប់មេបក្សលោក កឹម សុខា ដាក់ពន្ធនាគាទៀតផង ចំណែក លោក សម រង្សី ក៏ត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណី ដោយរូបលោកត្រូវបង្ខំចិត្តនិរទេសទៅរស់នៅឯក្រៅប្រទេស។ តែទោះជាមានឧបសគ្គបែបនេះក្តី ក៏កម្លាំងសង្រ្គោះជាតិនៅតែមិនស្រុតចុះនៅឡើយ ដោយសំណួរគ្រាន់តែចង់សួរថា “តើយើងត្រូវធ្វើយ៉ាងណាដើម្បីស្តារយកកម្លាំងគាំទ្រដែលស្ទើរឈ្នះទៅហើយឲ្យរស់មកវិញឬទុកឲ្យបាត់ស្រមោលអសារបង់ទៅ”?។
លោក មាជ សុវណ្ណារ៉ា បន្ថែមថា ការគ្រោះថ្នាក់ក្នុងនយោបាយនៅកម្ពុជា ឬក៏អាចប៉ះពាល់ដល់ម្ចាស់ឆ្នោត និងសកម្មជនស្នូល នៅឯមូលដ្ឋាន ដោយសារការរើសអើងផ្នែកនយោបាយ ពីសំណាក់បក្សកាន់អំណាច ក្នុងខណៈពេលដែលគណបក្សប្រឆាំងបានបាត់បង់នូវតុល្យភាពអំណាចនៃសន្លឹកឆ្នោតរបស់ពួកគេ។ ហើយឥទ្ឋិពលគណបក្សកាន់អំណាចរឹតតែបានឱកាសដោយគ្មានអ្នកតទល់គីឡូធ្ងន់ប្រកួតប្រជែងនយោបាយ តាមរយ:ការបោះឆ្នោតពីសំណាក់គណបក្សប្រឆាំងនេះ គឺការព្រួយបារម្ភពីអំណាចគ្រប់គ្រងរដ្ឋ ដែលគណបក្សប្រជាជនកម្ពុជា ដែលងាយនឹងបង្កការរំខានបន្ថែមទៀតដល់សិទ្ធិសេរីភាព និង គោលការណ៏នីតិរដ្ឋបែបសេរីពហុបក្ស តាមរយ:ការកែប្រែច្បាប់រដ្ឋធម្មនុញ្ញ ក្នុងនយោបាយ ដឹកនាំជិះសេះលែងដៃរបស់លោក ហ៊ុន សែន កំពុងតែមានស្រាប់ពីអំណាចប្រតិបត្តិនៃរដ្ឋាភិបាល 50%+1 ដែលបាននឹងកំពុងរិតត្បិតសិទ្ឋិបញ្ចេញមតិ សិទ្ធិតវ៉ាធ្វើបាតុកម្មដោយអហិង្សា តម្លៃនៃអំណាចសារព័ត៌មានឯករាជ្យ និងតួនាទីអង្គការសង្គមស៊ីវិល ក្នុងការឆ្លុះបញ្ចាំងសង្គម ក្នុងន័យរិះគន់ដើម្បីស្ថាបនាប្រទេសជាតិ ហើយត្រូវបានគំរាមកំហែង បំភិតបំភ័យ ក្រោមអំណាចតុលាការជាឧបករណ៍នយោបាយ ចាប់មនុស្សដាក់គុកឥតឈប់ឈរជាបន្តបន្ទាប់ជាដើមនោះ ៕