ចេញផ្សាយ ថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១
បាត់ដំបង៖ បុរសម្នាក់ស្លាប់ភ្លាមៗ ខណៈឈរបញ្ជារអេស្កាវ៉ាទ័រ ថយក្រោយមិនប្រយ័ត្ន កិនខ្ទេចខ្លួនស្លាប់យ៉ាងអាណោចអាធ័ម កាលពីរសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចអណ្ដូងដេកា ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមលោកវរសេនីយ៍ឯក ប៉ាន់វ៉ានី អធិការនគរបាលស្រុកបាណន់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ័ន្ត អាយុ៤៨ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មូលហេតុ ជនរងគ្រោះឈរបញ្ជាអេស្កាវ៉ាទ័រ នៅលើពំនូកដី ផ្នែកខាងក្រោយដោយតៃកុងមើលមិនឃើញកិនស្លាប់តែម្ដង។
អ្នកបើកអេស្កាវ៉ាទ័រ ឈ្មោះ រី ចំរ៉ុង ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅជាមួយ ឈ្មោះ ចៅ វ៉ិត ភេទប្រុស អាយុ៤៣ឆ្នាំ ដែលជាថៅកែអេស្កាវ៉ាទ័រ នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសាច់ញាតិ ដឹកយកទៅលំនៅដ្ឋាន ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែក តៃកុងអេស្កាវ៉ាទ័រ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់៕