ចេញផ្សាយ ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១
តាកែវ៖ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាអ្នកបន្តវេនសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសសុពលភាពគណៈកម្មាធិការ ខេត្តតាកែវ។
ក្នុងពិធីនេះ ដោយមានការចូលរួមជាអធិបតី ពីសំណាក់លោក ជីវ កត្តា ប្រធានគណបក្ស លោក តាន់ ទីន អនុប្រធានប្រចាំការ លោក សៀវ វិសុទ្ធ អគ្គហេរញ្ញិក លោក សុខ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋាន ទទួលបន្ទុកកិច្ចការបោះឆ្នោត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការ ជាច្រើនរូបទៀត ដែលបានប្រារព្វធ្វើនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
សូមជំរាបថា រហូតមកដល់ពេលនេះ គណបក្សខ្មែរស្រឡាញ់ជាតិ បានរៀបចំក្នុងការប្រកាសគណៈកម្មាធិការខេត្តបានចំនួន១២ខេត្ត លើ២៥រាជធានីខេត្ត ចំណែកខេត្តចំនួន១៣ទៀត គ្រោងធ្វើការប្រកាសជាបន្តបន្ទាប់។
គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានបង្កើតឡើងដោយក្រុមអតីតថ្នាក់ដឹកនាំសង្គ្រោះជាតិ ដោយបន្តស្មារតីដើមរបស់សង្គ្រោះជាតិ ក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ ពិសេសការផ្លាស់ប្តូរជាវិជ្ជមាន នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ៕