ចេញផ្សាយ ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ កូនប្រុសច្បង់ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩ ហើយនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្រោយចាក់វ៉ាក់សាំងការពារ កូវីដ-១៩រួច ឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គម ហ្វេសប៊ុក ផ្លូវការរបស់លោកថា «សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាល អនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។
សូមជំរាបថា កម្ពុជាបានទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ពីប្រទេសចិន ចំនួន៦០ម៉ឺនដូស ក្នុងតំណាក់កាលទី១ កាលពីល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសម្តេចតេជោ និងថ្នាក់ដឹកនាំ ជាអ្នកអញ្ជើញទៅទទួលដោយផ្ទាល់ នៅព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ៕