មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ថាកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មិនមែនឯកបក្សឡើយ

0
944

ចេញផ្សាយ ថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១

បាត់ដំបង៖ កម្ពុជាជាប្រទេសដែលប្រកាន់ភ្ជាប់នូវរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តែន័យនេះហាក់មានតែសំបកក្រៅតែប៉ុណ្ណោះ។

មានតែសំបកក្រៅ ត្រូវបានមេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធិ ថ្លែងថា ភាពអយុត្តិធម៌សង្គមនៅតែបន្តកើតមាន ទុក្ខលំបាកពលរដ្ឋមិនត្រូវបានដោះស្រាយ ការគាបសង្កត់ពលរដ្ឋនៅតែបន្តមិនចេះចប់។ ជាក់ស្តែងកម្ពុជាពេលនេះ ដឹកនាំដោយឯកបក្ស ជិះសេះលែងដៃ មិនគិតពីប្រយោជន៍ជាតិ និងពលរដ្ឋ បែរជាបន្តបំផ្លាញមិនចេះចប់ ពលរដ្ឋរងទុក្ខគ្មានពេលល្ហែរ រួមទាំងបញ្ហានានាជាច្រើនទៀត។

លោក សៀវ វិសុទ្ធ បន្ថែមដោយសូមអោយ បងប្អូនប្រជពលរដ្ឋកុំខ្លាច ស្មារតីសង្គ្រោះជាតិ បានស្ថិតនៅជាមួយខ្មែរស្រឡាញ់ជាតិហើយ គ្រប់ទីកន្លែងពលរដ្ឋបានផុសផុលមកចូលរួមជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ និងថា ការផ្លាស់ប្តូរនិងកើតមានដ៏ពិតប្រាកដនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ។

លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ថ្លែងថា ក្នុងនោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ គួរបញ្ឈប់ដូចគ្នា ការបន្តគំរាមកំហែង មកលើកសកម្មជនគណបក្សខ្មែរស្រឡាញ់ជាតិ ព្រមទាំងពលរដ្ឋ ដែលពួកគាត់ចង់ឲ្យមានការផ្លាស់ប្តូរ និងទទួលបានសេរីភាព លទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដ។

ដូចគ្នានេះ អំពើពុករលួយ បក្ខពួកនិយម ក៏ត្រូវដល់ពេលបញ្ចប់ផងដែរ ព្រោះសង្គមបច្ចុប្បន្ននេះ ពោរពេញទៅដោយអំពើពុករលួយ និងការរើសអើងគណបក្សនយោបាយ តែសបញ្ជាក់ថា គ្មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា ព្រោះសូម្បីតែគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានរំលាយ ហើយកុំសង្ឃឹមថាគណបក្សមួយនេះ គេព្រមប្រគល់សងមកអោយវិញនោះ។

ហេតុដូច្នេះហើយ ទើបថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បានសម្រេចគ្នាជាធ្លុងមួយក្នុងការបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិឡើង ដើម្បីបន្តស្មារតីសង្គ្រោះជាតិ និងការបម្រើពលរដ្ឋនៅមូលដ្ឋានដ៏ពិតប្រាកដ។

ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជាវ កត្តា ថារាល់ថ្ងៃគេប្រឹងស្រែកណាស់ កម្ពុជាមានការរីកចម្រើន តែបើលោកវិញ មើលមិនឃើញមានការរីកចម្រើនដូចម្តេចឡើយ បើពលរដ្ឋម្នាក់ៗជំពាក់បំណុលគេវ័ន្តករ។

ដូចគ្នានេះ លោកថា អរគុណសន្តិភាព ក៏កំពុងពេញនិយមផងដែរ តែសន្តិភាពនេះមានតែសំបកក្រៅ ធាតុពិតគឺមានការភ័យខ្លាចសម្រាប់ពលរដ្ឋគ្រប់រូប។ ភាពភ័យខ្លាចរបស់ពលរដ្ឋ គឺការសំឡុតគំរាមកំហែងគ្រប់រូបភាព ពិសេសសកម្មជនគណបក្សប្រឆាំង។

លោក ជីវ កត្តា បន្ថែមថា ដើម្បីបញ្ចប់វប្បធម៌ទាំងនេះ សូមពលរដ្ឋចូលរួមជាមួយខ្មែរស្រឡាញ់ជាតិ ព្រោះថា ខ្មែរស្រឡាញ់ជាតិ មានកម្លាំងរចនាសម្ព័ន្ធដ៏រឹងមាំតាមមូលដ្ឋាន ដោយក្នុងនោះសូម្បីតែសង្គមស៊ីវិលជាតិ និងអន្តរជាតិ ស្ទើរតែមិនជឿថា ក្នុងរយៈពេលដ៏ខ្លីជាង៨ខែ គណបក្សខ្មែរស្រឡាញ់ជាតិ បានរៀបចំរចនាសម្ព័ន្ធគណបក្សស្ទើរទូទាំង២៥រាជធានីខេត្ត ដើម្បីបន្តស្មារតីសង្គ្រោះជាតិ នាំមកនូវការផ្លាស់ប្តូរនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ៕