ចេញផ្សាយ ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ ក្មេងប្រុសស្រី២នាក់ងប្អូនបង្កើត បាននាំគ្នាទៅហែលទឹកលេងក្នុងរណ្តៅមួយកន្លែង នៅម្ដុំបឹងទំពន់ បណ្តាលឲ្យលង់ស្លាប់ទាំង២នាក់គួរឲ្យអាសូរជាទីបំផុត។
ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចរណ្តៅដី បឹងទំពន់ ស្ថិតនៅក្នុងភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈៀន ដេវីត ភេទប្រុស អាយុ៨ឆ្នាំ និងឈ្មោះ ឈៀន រ៉ូស្សា ភេទស្រីអាយុ១២ឆ្នាំ ត្រូវជាបងបង្កើត បច្ចុប្បន្នស្នាក់នៅជិតកន្លែងកើតហេតុ និងមានស្រុកកំណើតនៅខេត្តកំពង់ធំ។
បើតាមប្រភពព័ត៌មានពីក្មេងប្រុសម្នាក់ ដែលនៅកន្លែងកើតហេតុ បានរៀបរាប់ថា មុនពេលកើតហេតុ ខ្លួនបានឃើញក្មេងប្រុសបានចុះទៅក្នុងរណ្តៅទឹកមុនរួចឡើងទៅលើទួលហក់ចុះទៅក្នុងរណ្តៅទឹក ដើម្បីហែលទឹកលេង ស្រាប់តែលិចទៅក្រោមបាត់តែម្តង ហើយបងស្រីជនរងគ្រោះឃើញក៏រត់ចុះទៅជួយរាវរកប្អូនទាំងមិនចេះហែលទឹកក៏លិចបាត់ទាំងពីរនាក់បងប្អូនតែម្តង។
ដោយឃើញបែបនេះ ក្មេងប្រុសដែលនៅកន្លែងកើតហេតុ បានរត់ស្លន់ស្លោទៅប្រាប់ម្តាយក្មេងទាំងពីរនាក់ និងអ្នករស់នៅជិតខាង ឲ្យចុះមកជួយរាវ និងបានហៅឡានពេទ្យដើម្បីដឹកជនរងគ្រោះទាំងពីរនាក់ យកទៅសង្គ្រោះបន្ទាន់ តែជាអកុសលក្មេងដែលជាជនរងគ្រោះទាំងពីរនាក់បងប្អូន បានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពីកើតហេតុគរបាលសង្កាត់បឹងទំពន់ទី១ និងនគរបាលខណ្ឌមានជ័យ បានចុះពិតនិត្យសពក្មេងទាំងពីរនាក់ ដោយបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងប្រគល់សពឲ្យម្តាយក្មេងនិងក្រុមគ្រួសារដឹកយកទៅវត្តសន្សំកុសល ដើម្បីធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា ម្តាយក្មេងរងគ្រោះទាំងពីរនាក់ជាស្ត្រីមេម៉ាយដែលទទួលបន្ទុកចិញ្ចឹមកូនរហូតដល់ទៅ បីនាក់គឺស្រី២ ប្រុស១ ក្នុងជីវភាពក្រលំបាក ដោយមានមុខរបដើររើសអេតចាយដើម្បីចិញ្ចឹមជីវិត។នៅពេលកើតហេតុ ស្រ្តីជាម្តាយទើបតែមកពីដើររើសអេតចាយ ហើយមកដល់កន្លែងស្នាក់នៅ ក៏បានដាំបាយឲ្យកូនៗហូប ស្រាប់តែមានគេរត់មកប្រាប់ថាកូនលង់ទឹកស្លាប់ទាំងពីរនាក់ នៅក្នុងរណ្តៅដីកំពុងអភិវឌ្ឍន៍ អាងស្តុបទឹកបឹងទំពន់បាត់ទៅហើយ៕