សន្តិសុខថ្លើមធំលួចរថយន្ត BMW ជាប់អន្ទាក់សមត្ថកិច្ច ខេត្តកំពង់ចាម

0
1016

ចេញផ្សាយ ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១

កំពង់ចាម៖ សន្តិសុខថ្លើមធំ បានលួចរថយន្តម៉ាក BMW ពីភ្នំពេញតែអកុសលត្រូវសមត្ថកិច្ច ខេត្តកំពង់ចាម ក្របួចជាប់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង៥០នាទី។

ការចាប់បានចោរថ្លើមធំនេះ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានទទួលពាក្យបណ្ដឹងផ្ទាល់មាត់ ពីឯកឧត្តម គង់ វុទ្ធី អគ្គនាយករង នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្តឹងចោរលួចរថយន្ដកូនប្រុសរបស់លោក ម៉ាក BMW X5 ពាក់ស្លាក លេខ 2AQ-1944 និងឯកសារពាក់ព័ន្ធ ចេញពីភ្នំពេញដោយឆ្លងកាត់ខេត្តកំពង់ចាម។

ភ្លាមៗ លោកឧត្តមសេនីយ៍ទោ ស្នងកានគរបាល ខេត្តកំពង់ចាម បានចាត់បញ្ជារឲ្យកម្លាំងអន្តរាគមន៍ កម្លាំងជំនាញព្រហ្មទណ្ឌ កម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចេញប្រតិបត្តិការពិនិត្យ និងឃាត់លើអត្ដសញ្ញាណរថយន្ដ ដែលបានបាត់នោះ។

រហូតម៉ោង១២និង៣០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាន នគរបាល ស្រុក បាធាយ ដែលកំពុងឈរជើង នៅចំណុចគោលដៅ ភូមិបាធាយ ស្រុកបាធាយ បានប្រទះឃើញរថយន្ត មានភិនភាគដូចខាងលើ បើកបរក្នុងល្បឿនលឿន មិនបានឈប់តាមបញ្ជាររបស់ប៉ូលីសចរាចរណ៍ ហើយកម្លាំងជំនាញ បានដេញតាមរហូតដល់ចំណុច ភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ទើបឃាត់រថយន្ដខាងលើបាន និងជនសង្យ័យឈ្មោះ មេត សុខណាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅ ភូមិកំពង់គោ ឃុំកំពង់គោ ស្រុកព្រៃប្រសព្វ ខេត្តក្រចេះ។

ជាមួយគ្នានេះ ដោយមានការឯកភាព ពីលោក សាន សុភៈ ព្រះរាជអាជ្ញារង សមត្ថកិច្ចបាននាំជនសង្ស័យ និងរថយន្ដ មកកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ក្នុងនោះកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក៏កំពុងសាកសួរ និងពិនិត្យរកសារធាតុញៀនផងដែរ៕