ចេញផ្សាយ ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១
កំពត៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកមនុស្សប្រុសស្រី ចំនួន៣នាក់ផ្សេងទៀត រងរបួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចរាចររវាងម៉ូតូធុនធំ បុកជាមួយម៉ូតូ ហុងដាឌ្រីម ក្នុងទិសដៅស្របគ្នា លើកំណាត់ផ្លូវជាតិលេខ៣(កំពត-ភ្នំពេញ) ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១១៧-១១៨ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។
អ្នករងបួសធ្ងន់ឈ្មោះ ភឹម ខេម អាយុ៥៣ឆ្នាំ និងចៅស្រី ឈ្មោះ ភា កញ្ញា អាយុ៥ឆ្នាំ ដែលជនរងគ្រោះទាំង២នាក់ រស់នៅភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តកំពត។
ចំណែកភាគីខាងម៉ូតូធុនធំ ម៉ាកស៊ុយហ៊្សុយគី SUZUKY400w ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HA-2642 បើកបរដោយឈ្មោះ ម៉ៅ ឈុនអេង ភេទប្រុស អាយុ៤៤ឆ្នាំ របួសធ្ងន់ បានឌុបស្ត្រីជាប្រពន្ធ ឈ្មោះ ជ័យ ថាវី អាយុ៤៣ឆ្នាំ ត្រូវស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ រស់នៅម្តុំផ្សារឈូកមាស រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពត 1N-9658 បើកបដោយស្ត្រីចំណាស់ម្នាក់ មានដឹកចៅស្រីម្នាក់ផង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូម៉ាកហុងដាឌ្រីម បានបត់ឆ្វេងដោយគ្មានការប្រុងប្រយត្ន័ ស្រាប់តែម៉ូតូធុនធំបើកបរយ៉ាងលឿន ក្នុងទិសដៅស្របគ្នា ក៏បានបុកពេញទំហឹងបណ្តាលឲ្យស្ត្រីចំណាស់ និងចៅស្រី រងរបួសធ្ងន់ និង ម៉ូតូខូចខាតយ៉ាងដំណំ។ តាមប្រភពដដែលបានបន្តថា រីឯភាគីម៉ូតូធំ បណ្តាលឲ្យបុរសជាប្តីរងរបួសធ្ងន់ ចំណែកប្រពន្ធ ដែលជាអ្នករួមដំណើរបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យនិងធ្វើការវាស់វែងនៅកន្លែងកើតហេតុ រួចយកម៉ូតូទាំងពីរ គ្រឿង ទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកដងទង់ រង់ចាំធ្វើការដោះស្រាយតាមច្បាប់នៅពេល ក្រោយ។
ចំណែកជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕