ស្លាប់ម្នាក់ របួសបីនាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកឈើ

0
887

ចេញផ្សាយ ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១

ត្បូងឃ្មុំ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត និងបីនាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត សាំងយ៉ុង ដឹកឈើ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមព្រែកជរ ឃុំសេដា ស្រុក តំបែរ ខេត្តត្បូងឃ្មុំ។

បើតាមសមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុ រថយន្តម៉ាកស៊ាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ក្រចេះ 2A-0533 បើកបរពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុខាងលើ មិនដឹងជាយ៉ាង ម៉េចនោះទេ តែគេសង្ស័យថាអ្នកបើកបរបើកក្នុងស្ថានភាពងងុយដេក ក៏រេចង្កូតហើយក្រឡាប់រថយន្ត មួយជុំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតស្រ្តីម្នាក់ និងរបួសចំនួន៣នាក់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

អ្នកស្លាប់ និងរបួសទាំងនោះមាន អ្នកបើកបរ ឈ្មោះ ហ៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសស្រាល និងអ្នករួមដំណើរ៣នាក់ទៀត ក្នុងនោះរួមមាន៖ ១-ឈ្មោះ សុ ភា ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើកបរ បានស្លាប់ នៅនឹងកន្លែងកើតហេតុ.២-ឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសស្រាល.៣-ឈ្មោះ នឿន ណេត ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសស្រាល ដែលអ្នកទាំងអស់គ្នា រស់នៅភូមិអង្គរក្រៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ស្រុក បានចុះទៅពិនិត្យកន្លែងកើតហេតុ និងប្រគល់សពស្ត្រីរងគ្រោះ ទៅសាច់ញាត្តិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្តរួមនឹងឈើត្រូសមត្ថកិច្ចនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកតំបែរ ជាបណ្ដោះអាសន្ន៕