អូឌី ស្លាកលេខ ន.ប បើកលឿនដូចហោះ ប្រលះបង្គោលរបងស្ថានទូតបារាំង

0
971

ចេញផ្សាយ ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកអូឌី ពណ៌ស បើកបរក្នុងល្បឿនលឿនដូចហោះបានជ្រុលចង្កូតទៅបុកបង្គោលរបងស្ថានទូតបារាំង បណ្តាលអោយរងការខូចខាតរថយន្តយ៉ាងដំណំ តែសំណាងល្អអ្នកបើកបររងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មហាវិថីព្រះមុនីវង្ស ចំណុចស្ថានទូតបារាំង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលយាមនៅគោលដៅនេះបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿង ម៉ាកអូឌី A7 ពណ៌ស ពាក់ស្លាកលេខនគរបាល 2-2764 បើកបរតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តបង្កបើកក្នុងល្បឿនលឿនដូចហោះ បានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករះបង្គោលរបងស្ថានទូតបារាំងពេញទំហឹង រងការខូចខាតមួយកំណាត់ខាងមុខ ជំហៀងខាងឆ្វេង ដាច់កាឡេកង់ ផ្ទុះព្រូងទាំងសងខាង សំណាងល្អអ្នកបើកបររងរបួសស្រាល។ ភ្លាមៗម្ចាស់រថយន្តបង្កបានចេញ​មកដោះស្លាកលេខ រួចគេចចេញពីកន្លែងកើតហេតុទៅបាត់ស្រមោល ដោយក្នុងករណីគ្រោះថ្នាក់នេះ បណ្តាលឲ្យខូចខាតបង្គោលរបងអស់ចំនួន១៤បង្គោល។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះមកស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕