ចេញផ្សាយ ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១
ព្រះវិហារ៖ ទន្សោងឈ្មោលដ៏ធំ១ក្បាល ដែលមានទម្ងន់១តោន ជាប្រភេទសត្វដ៏កម្រស្ទើរតែនឹងផុតពូជទៅហើយនោះ ត្រូវបានមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការចល័តលេខ៩១ ដើរល្បាតព្រៃប្រទះឃើញងាប់កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតក្នុងភូមិសែនរុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងដែនជម្រកសត្វព្រៃព្រះរកា ដែលជាតំបន់ការពារធនធានធម្មជាតិ។
លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ បានប្រាប់អ្នកសាព័ត៌មាននៅព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១នេះថា ហេតុបណ្តាលអោយសត្វទន្សោងឈ្មោល១ក្បាល ដែលមានទំងន់រហូតដល់ទៅ១០០០គ.ក.នេះងាប់ គឺដោយសារតែការជាប់អន្ទាក់ជើងខាងមុខប៉ែកខាងស្តាំ ដែលពួកព្រានព្រៃបានដាក់អន្ទាក់ចោលដើម្បីទាក់នឹងចាប់សត្វព្រៃ។
នេះមិនមែនលើកទី១ទេ ដែលសត្វទន្សោយជិតផុតពូជរបស់កម្ពុជា ត្រូវងាប់ដោយជាប់អន្ទាក់ស្នាដៃរបស់ពួកព្រានចង្រៃ ដែលមិនគិតពីផលប្រយោជន៍សម្បត្តិធនធានរបស់ជាតិ គិតតែពីប្រយោជន៍បុគ្គលរបស់ខ្លួននោះ។
ជាស្តែង កាលពីពេលកន្លងទៅ ទន្សោងគោព្រៃដ៏ធំ១ក្បាល ក៏ត្រូូវបានជាប់អន្ទាក់ងាប់ ហើមស្អុយ រលួយនៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវន្ត ខេត្តឧត្តរមានជ័យផងដែរ៕