សហគមន៍ព្រៃឡង់ទាំងបួនខេត្ត គ្រោងប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ

0
1021

ចេញផ្សាយ ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ដែលកំពុងរស់នៅ និងអាស្រ័យផល មានជំនឿ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាជនជាតិដើមភាគតិចកួយ បានមូលមតិគ្នាក្នុងការផ្តួចផ្តើមធ្វើបុណ្យព្រៃឡង់ និងបំបួសដើមឈើ។

ពិធីបុណ្យនេះធ្វើឡើងក្នុងគោលបំណងដើម្បី៖

១. ឧទ្ទិស និងរំឭកគុណដល់ព្រៃឈើ និងបួងសួងសុំឱ្យព្រៃឡង់នៅគង់វង្ស ដើម្បីរក្សានូវអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ ដែលរស់នៅពឹងអាស្រ័យនឹងព្រៃឈើ។

២. ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាសហគមន៍ និងសាធារណជនទូទៅឱ្យបានដឹងថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ជាព្រៃការពារ ដែនជម្រកសត្វព្រៃ។

៣. បង្ហាញនូវសក្កានុពលព្រៃឡង់ ដល់សាធារណជនទូទៅ ដើម្បីរួមចំណែកចូលរួមជាមួយសហគមន៍ព្រៃឡង់ និងពង្រឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារធនធានធម្មជាតិ និងជីវចម្រុះក្នុងតំបន់ព្រៃឡង់។

កម្មវិធីបុណ្យ និងប្រារព្វធ្វើនៅថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចតំបន់ភ្នំជី ស្ថិតនៅក្នុងភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយប្រជាសហគមន៏ក៏បានគោរពនិមន្ត អញ្ជើញ ស្ថាប័នជំនាញ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការដៃគូ សារព័ត៌មានជាតិ និងអន្តរជាតិ សិស្ស និស្សិត សាសនិកជន សប្បុរសជនជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស និងសាធារណជនទូទៅ មេត្តាចូលរួមឲ្យបានច្រើនកោះករ។

ដោយក្នុងនោះសម្រាប់លោកអ្នក ដែលនិងអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ ត្រូវធ្វើដំណើរទៅដល់ភូមិនៅក្នុងខេត្តនីមួយៗ ដូចខាងក្រោម៖

១.ខេត្តក្រចេះ ត្រូវទៅដល់ភូមិនៅថ្ងៃទី២៣ ខែកុម្ភៈ ជាកំណត់។ សហគមន៍នឹងចេញដំណើរពីភូមិទៅកាន់គោលដៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្ពោះទៅកាន់ទីកន្លែងប្រារព្ធពិធីបុណ្យ។

២.ខេត្តកំពង់ធំ ត្រូវទៅដល់ភូមិនៅថ្ងៃទី២៣ ខែកុម្ភៈ ជាកំណត់។ សហគមន៍នឹងចេញដំណើរពីភូមិ

គោលដៅនីមួយៗនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្ពោះទៅកាន់ទីកន្លែងប្រារព្ធពិធីបុណ្យ។ (ការធ្វើដំណើរចេញពីភូមិនៃខេត្តនីមួយៗទៅដល់ទីតាំងប្រារព្ធពិធី ត្រូវចំណាយពេលមួយថ្ងៃកន្លះ (១.៥ថ្ងៃ)។

ដើម្បីទទួលបានព័ត៌មានលម្អិតពីកម្មវិធីបុណ្យ សូមទំនាក់ទំនងគណៈកម្មការបុណ្យតាមរយៈទូរស័ព្ទ៖

១. លោក ខេម សុឃី ០៨៥ ៤៧៣ ១៥៧

២. លោក ស៊ីវ រិន ០៩៧ ៣៦៥ ២៣៤២

៣. លោក ពេជ្រ សារិក ០៩៧ ៩២៣ ៣១៩៩

៤. លោក សុខ ប្លោក ០៩២ ៥៣៦ ៣១២

សូមអរព្រះគុណ និងអរគុណ!