ចេញផ្សាយ ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ នារីស្រស់សោភា បើករថយន្ត បោះពួយយ៉ាងលឿន ចង្កូតបុករះបង្គោលឡាក់ និងកន្លែងលក់សាំង បណ្ដាលឲ្យរថយន្តធ្លាក់ប្រឡាយទឹកស្អុយ សំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីរូបស្រស់ បើករថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-3202 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ព្រមទាំងចុចស៊ីផ្លេផងដែរ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃ បុករះបង្គោលឡាក់បាក់អស់ចំនួន២ដើមនិងតូបលក់សាំងមួយកន្លែងរងខូចខាត រីឯរថយន្តមិនទាន់អស់ល្បឿនក៏ហោះធ្លាក់ចូលប្រឡាយទឹកស្អុយស្ទេីលិចរថយន្តបាត់ សំណាងល្អម្ចាស់រថយន្តមិនរបួស លូនចេញតាមកញ្ចក់មកលើគោកគេចខ្លួនបាត់ស្រមោល៕