ចេញផ្សាយ ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ ចោរថ្លេីមធំសម័យកូវីដ បានជិះកង់ធ្វើសកម្មភាពឆក់កាបូបពីនារីរូបស្រស់ម្នាក់ នៅមុខផ្សាររាត្រី តែសំណាងចាប់បានចោរភ្លាមៗនៅចំណុចក្រោយផ្សាររាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
បើតាមប្រភពពីបុរសជាសន្តិសុខផ្សាររាត្រីបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះកង់នៅក្បែរផ្សាររាត្រី ខណះពេលនោះក៏ស្រាប់តែឮស្ត្រីរងគ្រោះបានស្រែកថាចោរៗឆក់កាបូក ពេលនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បាននាំគ្នាដេញចាប់ជនសង្ស័យដែលជិះកង់ឆក់កាបូបនោះបានភ្លាមៗក្រោយពីសកម្មភាពឆក់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានយកជនសង្ស័យទៅសួរនាំ រីឯនារីរងគ្រោះក៏ត្រូវបានសមត្ថកិច្ចដឹកយកទៅដាក់ពាក្យបណ្ដឹងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕