អនុក្រឹត្យ ស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង កំពុងស្ថិតក្នុងសេចក្តីព្រាង

0
1101

ចេញផ្សាយ ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន បានអញ្ជើញដឹកនាំកិច្ចប្រជុំ នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពី ការងាររៀបចំសម្របសម្រួល និងជំរុញការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងផ្លូវរថភ្លើង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះ ក៏បានពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ក៏ដូចជាដើម្បីប្រមូលធាតុចូលឱ្យកាន់តែទូលំ ទូលាយ សំដៅឱ្យការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះមានខ្លឹមសារកាន់តែច្បាស់លាស់ ជាក់លាក់ និងស៊ីជម្រៅក្នុងក្របខណ្ឌនៃកំណត់ការគ្រប់គ្រង និងការប្រើប្រាស់ដីចំណីតាមបណ្ដាញផ្លូវជាតិ និងផ្លូវរថភ្លើង ឱ្យសមស្របតាមការអភិវឌ្ឍ និងការរីកចម្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ លឹម ស៊ីដេនីន

ជាមួយគ្នានោះ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមការងារជំនាញបច្ចេកទេសពិនិត្យបន្ថែមទៀត និង សិក្សាពាក្យពេជន៍ ឃ្លា ប្រយោគឱ្យបានល្អិតល្អន់ និងស៊ីជម្រៅសំដៅឱ្យមានសង្គតភាពជាមួយនឹង ឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញឱ្យការរៀបចំសេចក្ដីព្រាង អនុក្រឹត្យនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងដំណើរការទៅមុខដោយរលូន។

គួរកត់សម្គាល់ផងដែរថា សេចក្តីព្រាងអនុក្រឹត្យស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងផ្លូវរថភ្លើង មាន គោលបំណងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ ទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គមដែលតែងតែកើតមាននៅតាម បណ្ដាញផ្លូវ កាត់បន្ថយឧបសគ្គនានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ។ជាងនេះទៅទៀត អនុក្រឹត្យនេះមានគោលបំណងកាត់បន្ថយរាល់ការចំណាយរបស់រដ្ឋ ទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋដែលតាំងទីលំនៅតាមបណ្ដាញផ្លូវ បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយនិរន្តរភាពនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

យោងតាមខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មានសមត្ថកិច្ចក្នុង ការគ្រប់គ្រង និងប្រើប្រាស់ដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើងក្នុងការធ្វើផែនការ ការសិក្សាគម្រោងប្លង់អភិវឌ្ឍន៍ ផ្លូវជាតិ និងផ្លូវរថភ្លើង ឬផ្ដល់សេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធនឹងផ្លូវជាតិ និងផ្លូវរថភ្លើង ដើម្បីបម្រើ ផលប្រយោជន៍អ្នកប្រើប្រាស់ផ្លូវជាតិ និងផ្លូវរថភ្លើងឱ្យមានប្រសិទ្ធភាពខ្ពស់៕