ចាប់ខ្លួន២នាក់ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

0
1061

ចេញផ្សាយ ថ្ងៃចន្ទ ទី០១​ខែមីនា​ ឆ្នាំ២០២១

កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរ​​បាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយនឹងកម្លាំងនៃអធិការដ្ឋាន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ គឺឈ្មោះ ធន ចន័្ទថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ម៉ី សុផន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នាំមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើការសាកសួរតាមនីតិវិធី  លើករណី ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាននូវខ្លឹមសារមានជាអាទិ៍៖១.បំភ្លៃព័ត៌មានពាក់ពន្ធ័នឹងវ៉ាក់សាំងកូវីដ១៩ ដែលកាលៈទេសៈកម្ពុជា កំពុងរីករាលដាលជម្ងឺកូវីដ។ ២.ធ្វើការញុះញង់ ប្រមូលផ្តុំប្រជាពលរដ្ឋមកធ្វើការតវ៉ាទាមទារ ជ្រកក្រោមលេស សិទ្ធិសេរីភាព ប៉ុន្តែបង្កប់នូវឧបាយកលទុច្ចរិត ដើម្បីបង្កចលាចលដល់សន្តិសុខសង្គម។

ក្នុងនោះជាក់ស្តែងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤:៥៣នាទី ឈ្មោះ ធន ច័ន្ទថា បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ «ធន ច័ន្ទថា» តំណភ្ជាប់លេខ ១០០០៤៥០៨៨២៤៤៣៩៩ បានធ្វើការបង្ហោះ​អត្ថបទមានខ្លឹមសារថា «បើនិយាយអោយចំទៅ បើវាកើតមែនងាប់រាលដាលពេញ ប្រទេសហើយមិនចាំបាច់ទៅឆ្ងល់ឡើយឥឡូវនេះបែបទប់លែងជាប់អត់មានប្រាក់ខែបើកមន្ត្រីរាជការក៏មិនដឹងផងរកល្បិចគ្រប់វិធីដើម្បីរកជំនួយពីបរទេសហើយទើបទប់ជាប់។» ដែលមានអ្នកចូលមើលចំនួន ១៧៨ដង។

ដោយឡែក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ ម៉ី សុផន បានប្រើប្រាស់បណ្តាញសង្គមFacebook បង្ហោះជាសាធារណះមានខ្លឹមសារថា «កម្ពុជាជាប្រទេសមួយដែលមិនមាន ការឆ្លងជម្ងឺរលាកផ្លូវដង្ហើម (កូវីដ១៩) ឬស្លាប់ដោយជម្ងឺនេះគួរអោយព្រួយបារម្ភឡើយ។ ហេតុអ្វីបានជារដ្ឋាភិបាលឯកបក្ស ប្រញាប់​ប្រញាល់អំពាវនាវ អោយប្រជារាស្ត្រខ្មែរ ចាក់វ៉ាក់សាំងរបស់ចិន ដែលមិនទាន់បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) យ៉ាងតក់ក្រហល់បែបនេះ? ក្នុងនាមប្រជាពលរដ្ឋខ្មែរសាម័ញ្ញម្នាក់ នាងខ្ញុំយល់ឃើញថា ជាហេតុផលនយោបាយច្រើនជាង ក្នុងចេតនាចង់ការពារជម្ងឺឆ្លងនេះជូនប្រជាពលរដ្ឋ។ ដោយហេតុថា ចង់ផ្គាប់ចិត្តចិន ជួយការពារអំណាច និងជួយជ្រោមជ្រែងអោយលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តពីលោកទី១។ ទី២ បង្វែរការចាប់អារម្មណ៍ពីសហគមន៍ជាតិ និងអន្តរជាតិ ចំពោះវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនៅកម្ពុជានាពេលបច្ចុប្បន្ន»។

សូមជំរាបថា ការចាប់ខ្លួនបុគ្គលទាំងពីរអ្នកខាងលើនេះ គឺស្ថិតក្នុងក្របខណ្ឌបទល្មើសជាក់ស្តែង ស្របតាមនីតិវិធីជាធរ​មាន៕