ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១
ភ្នំពេញ៖ យុវជនមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដាវ និងកាំភ្លើង ដេញកាប់ និងបាញ់ទៅលើយុវជន៣នាក់ ដែលកំពុងជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមដងផ្លូវ។
ភាពអាណាធិបតេយ្យ របស់ក្រុមយុវជនពាលនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវលេខ២០១១ ក្បែរសាលាមតេ្តយ្យសាមគ្គី ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាប់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ពួកគេទាំង៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1AP-5822 ឌុបគ្នាចេញពីផ្ទះបងក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅរបស់ខ្លួនវិញនៅឯច្បារអំពៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនយុវជនមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដាវនិងកាំភ្លើងមួយដើមមិនស្គាល់ម៉ាកសង្ស័យជាកាំភ្លើងខ្យល់ បានជិះម៉ូតូមកកៀរឲ្យពួកគេឈប់រួចទាញដាវកាប់និងដកកាំភ្លើងបាញ់២ទៅ៣គ្រាប់ដោយមិនឮសំឡេងឡើយ តែសំណាងល្អក្រុមជនសង្ស័យបាញ់ពួកគេមិនត្រូវ។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានប្រគល់ជនរងគ្រោះនិងម៉ូតូទៅឲ្យសមត្ថកិច្ចខណ្ឌសែនសុខ នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់គោកឃ្លាង ដើម្បីធ្វើការសួរនាំបន្តតាមនីតិវិធី៕