ចេញផ្សាយ ថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១
ឧត្តរមានជ័យ៖ ដើម្បីជ័យជំនះ លើសមរភូមិនយោបាយ មេទ័ពកំពូលទាំង៤របស់គណបក្សខ្មែរស្រឡាញ់ជាតិ បានចេញប្រយុទ្ធលើសមរភូមិមូលដ្ឋាន ខេត្តឧត្តរមានជ័យ ព្រំដែន ខ្មែរ-ថៃ។
ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ មេទ័ពទាំង៤ បានធ្វើសកម្មភាពគ្រប់ទីកន្លែងស្ទើរទូទាំងប្រទេស ដោយចុះពង្រឹងសកម្មជនមូលដ្ឋាន បំផុសផ្សព្វផ្សាយគោលជំហររបស់ខ្លួន ក្នុងការបន្តស្មារតីសង្គ្រោះជាតិ ដើម្បីនាំមកនូវការផ្លាស់ប្តូរ និងការផ្សះផ្សារជាតិ ដ៏ពិតប្រាកដ។
ដូចគ្នានេះ ក្នុងគ្រានៃការផ្លាស់ប្តូរអំណាចនៅមូលដ្ឋាន បញ្ចប់ភាពអយុត្តិធម៌សង្គម មេទ័ពកំពូលទាំង៤រូបរបស់គណបក្សខ្មែរស្រឡាញ់ជាតិ បានប្រយុទ្ធគ្មានថ្ងៃសំរាកទាំងយប់ទាំងថ្ងៃ ដើម្បីត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុនេះ។
ជាមួយគ្នានេះផងដែរ មេទ័ពទាំង៤រូបរបស់សង្គ្រោះជាតិ ដែលរួមមាន លោក ជីវ កត្តា, លោក កង គឹមហាក់,លោក ខឺយ ស៊ីនឿន និងលោក សៀវ វិសុទ្ធ បានបង្ហាញគោលជំហររបស់ខ្លួនយ៉ាងមុតមាំដល់សកម្មជនមូលដ្ឋាន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះថា ច្បាស់ណាស់គណបក្សខ្មែរស្រឡាញ់ជាតិ និងទទួលបានការគាំទ្រពីពលរដ្ឋម្ចាស់ឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ ដែលពួកគាត់ចង់បាន ដូចអ្វីដែលធ្លាប់បានកើតមានកន្លងមក ដែលពួកគាត់បានផ្តល់សេចក្តីទុកចិត្តមកលើមេឃុំ ចៅសង្កាត់ អតីតគណបក្សសង្គ្រោះជាតិ។
មេទ័ពទាំង៤រូបខាងលើ ថា អ្វីដែលពួកគាត់ធ្លាប់ផ្តល់ក្តីសង្ឃឹមលើអតីតគណបក្សសង្គ្រោះជាតិ និងផ្តល់ជាថ្មីមកលើគណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាអ្នកបន្តស្មារតីសង្គ្រោះជាតិ ព្រោះថាមេដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានរួមទាំងឥស្សជននានា របស់សង្គ្រោះជាតិ បានចូលរួម និងដឹកនាំក្បាលម៉ាស៊ីនគណបក្សខ្មែរស្រឡាញ់ជាតិ។
មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ក៏បានលើកឡើងផងដែរថា គណបក្សខ្មែរស្រឡាញ់ជាតិ បានបង្កើតឡើង ក្នុងស្ថានភាពនយោបាយប្រទេសកម្ពុជាអវត្តមានសម្លេងគណបក្សប្រឆាំងពិតប្រាកដ ដែលជាការអវត្តមានអ្នកតំណាងឲ្យឆន្ទៈពលរដ្ឋសម្លេងភាគតិច នៅក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តធំៗ ដែលពាក់ព័ន្ធដល់អាយុជីវិតរបស់ជាតិ ជោគវាសនារបស់ប្រជាជនកម្ពុជា និងភាពរីកចម្រើននៅក្នុងសង្គម។
ដោយឈរលើហេតុផលខាងលើនេះ គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានរួមបង្កើតឡើងដោយអតីតតំណាងរាស្ត្រ មន្ត្រីជាន់ខ្ពស់ សកម្មជន និងអ្នកគាំទ្ររបស់អតីតសង្គ្រោះជាតិ ក្នុងស្មារតីផ្សះផ្សារ ស្វែងរកការឯកភាពជាតិខ្មែរ និងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ គណបក្សខ្មែរស្រឡាញ់ជាតិ នឹងចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីការផ្លាស់ប្តូរអំណាចនៅមូលដ្ឋាន និងឆ្ពោះទៅការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ដោយជោគជ័យ។
មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បញ្ជាក់ជំហររបស់ខ្លួននៅមុខអ្នកគាំទ្របន្តទៀតថា ក្នុងនាមជាអ្នកបន្តស្មារតីសង្គ្រោះជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ បានដាក់ចេញនូវគោលជំហរច្បាស់លាស់ និងត្រឹមត្រូវ ចំនួន៥ចំណុចធំៗ ដែលជាគោលការណ៍ជាក់លាក់នៅក្នុងការធ្វើនយោបាយ ដើម្បីបុព្វហេតុជាតិខ្មែរ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឲ្យរស់ឡើងវិញ ដែលជាគោលការណ៍មូលដ្ឋានដ៏សំខាន់ និងចាំបាច់បំផុត ធានាដល់វឌ្ឍនភាពសង្គមពិតប្រាកដ ដែលគោលជំហររបស់គណបក្សខ្មែរស្រឡាញ់ជាតិ ទាំង៥ចំណុចរួមមាន៖
១.បន្តស្មារតីសង្គ្រោះជាតិ
២.បង្កើតវប្បធម៌នយោបាយថ្មី
៣.បង្រួបបង្រួមអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ
៤.ដើម្បីផ្សះផ្សាជាតិ(ខ្មែរតែមួយ)
៥.ដើម្បីតស៊ូមតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ
ដូចគ្នានេះ មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បានសង្កត់ធ្ងន់ចុងក្រោយថា រួមដំណើរជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ មានន័យថា បងប្អូនប្រជាពលរដ្ឋកំពុងចូលរួមបំពេញបេសកកម្មមួយដ៏មានតម្លៃបំផុតសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា៕