រថយន្តដឹកទំនិញ បុកយុវជនម្នាក់ស្លាប់លើដងផ្លូវយ៉ាងអាណោចអាធ័ម

0
1070

ចេញផ្សាយ ថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីរថយន្តធន់ធំដឹកទំនិញមួយគ្រឿងបុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុច មុខច្រកចូលបុរីសង្ឃឹមថ្មី ភូមិវាល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ កាន សុខគង់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេប្រេម រស់នៅក្នុងភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជិះម៉ូតូស្គុកពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខកណ្តាល 1AJ-0821។

បើតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនរងគ្រោះបានជិះម៉ូតូម៉ាកស្គុតពីមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខកណ្តាល 1AJ-0821 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំដឹកទំនិញមួយគ្រឿងម៉ាកនីសាន់ ពណ៍សលាយបៃតង ពាក់ស្លាកលេខភ្នំពេញ 3C-0531បានបើកបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើត យ៉ាងលឿនរួចវ៉ាជែងរថយន្តមួយគ្រឿងទៀត ក៏បណ្តាលឲ្យជ្រុលមកស្ដាំម៉ូតូបុកជនរងគ្រោះចំពីមុខពេញទំហឹងអូសប្រហែល១០០ម៉ែត្រ មនុស្សខ្ទាតចេញហើយកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ក្នុងនោះអ្នកបើករថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែងរួចយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕