សិស្សវិទ្យាល័យសំរោង ស្រុកសូទ្រនិគម ដួលសន្លប់បន្ដបន្ទាប់ ដោយសារជំងឺភ័យខ្លាចតៗគ្នា

0
890

ចេញផ្សាយ ថ្ងៃអាទិត្យ ៩រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១

សៀមរាប៖ សិស្សសាលាប្រមាណ៤៩នាក់ នៅវិទ្យាល័យសំរោង ស្រុកសូទ្រនិគម ខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានដួលសន្លប់ជាបន្ដបន្ទាប់ ខណ:ដែលពួកគេកំពុងរៀល ដែលករណីនេះ ក្រុមគ្រូពេទ្យសង្ស័យថា ដោយសារជំងឺភ័យខ្លាចតៗគ្នា។

លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យដឹងកាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះថា សិស្សវិទ្យាល័យសំរោង ស្ថិតក្នុងឃុំសំរោង ចំនួន៤៩នាក់ ជាសិស្សស្រីទាំងអស់ កើតមានអាការ:ដួលសន្លប់ និងស្រែកយំ ហើយត្រូវបានសមត្ថកិច្ច និងលោកគ្រូអ្នកគ្រូ ដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមណ្ឌលសុខភាពឃុំសំរោង ដើម្បីពិនិត្យ និងព្យាបាលអាការ:រោគ។

លោក សេង សុភា ប្រធានមណ្ឌល សុខភាពសំរោង ស្រុកសូទ្រនិគម បានអោយដឹងថា ជនរងគ្រោះដែលមានអាការធ្ងន់ធ្ងរចំនួន២៩នាក់ បានដឹកទៅសម្រាកនៅមន្ទីរពេទ្យបង្អែកសូទ្រនិគម និងចំនួនន១៦នាក់ដាក់ឱ្យសម្រាកនៅមណ្ឌលសុខភាពសំរោង និងចំនួន៤នាក់ទៀត បាននឹងកំពុងសម្រាកនៅមណ្ឌលសុខភាពពពេល។ លោកបន្ដថា តាមការសាកសួរអ្នករងគ្រោះ បានលើកឡើងថា ការដួលសន្លប់នេះ នៅពេលពេលដែលពួកគេរត់ចេញក្រៅថ្នាក់រៀន ហើយស្រែកយំតៗគ្នា ក្រោយពេលបានឃើញស្រមោលមនុស្សស្រីសក់វែង នៅក្នុងបន្ទប់រៀន។

លោកបន្ថែមថា ហេតុការដូចគ្នានេះក៏បានកើតឡើង កាលពីថ្ងៃទី០៥ ខែមីនាម្សិលមុិញ មានចំនួនប្រមាណ៥ទៅ៦នាក់ប៉ុណ្ណោះ និងកាលពីថ្ងៃទី០៤ ខែមីនា មានចំនួន១នាក់ផងដែរ ខណ:ដែលពួកគេកំពុងរៀនគួរ នៅពេលយប់នៅវិទ្យាល័យសំរោងដូចគ្នានេះ។

លោកប្រធានមណ្ឌលសុខភាពរូបនោះ បានបន្ដថា តាមការពិនិត្យសម្ពាធឈាម, ជាតិស្ករ និងអុកស៊ីសែនក្នុងខ្លួន គឺគ្មានរោគសញ្ញាអ្វីទាំងអស់ ដូច្នេះអ្នករងគ្រោះមានសុខភាពធម្មតា តាមការសន្និដ្ឋាន គ្មានជំងឺអ្វីក្រៅពីជំងឺភ័យខ្លាចតគ្នានោះទេ។ លោកក៏ស្នើអោយអាណាព្យាបាល មាន មាតាបិតាសិស្សត្រូវណែនាំកូន អោយពួកគាត់ហូបអាហារអោយបានច្រើន និងដេកអោយបានគ្រប់គ្រាន់ ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាពនៅពេលអត់ងងុយនិងអត់ជាតិអាហារក្នុងខ្លួន ពួកគាត់អាចមានជំងឺរវើរវាយផងដែរ។

ជាថ្មីម្តងទៀត លោក ម៉ក់ ប្រុស អភិបាលស្រុក សូទ្រនិគម បានអោយដឹងបន្ថែមថា មកដល់ពេលនេះ ជនរងគ្រោះដែលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពសំរោងផ្សេងទៀត បានធូរស្រាលច្រើនហើយ ហើយបានវិលត្រឡប់ទៅគេហដ្ឋានមួយចំនួនហើយ ខណ:មួយចំនួនទៀតកំពុងនៅសំរាកនោះ រង់ចាំឱ្យមានសុខភាពល្អបន្តិចសិន ប៉ុន្តែគ្មានកើតជំងឺអ្វីធ្ងន់ធ្ងរនោះទេ។

លោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យបានយកចិត្ដទុកដាក់មើលថែសុខភាពរបស់ពួកគាត់យ៉ាងយកចិត្ដទុកដាក់បំផុត។

សូមបញ្ជាក់ថា នេះជាលើកទី១ ដែលមានការដួលសន្លប់សិស្សសាលាមានចំនួនច្រើនគឺដល់ ៤៩នាក់នេះ នៅក្នុងខេត្ដសៀមរាប នាដើមឆ្នាំ២០២១នេះ៕