ចេញផ្សាយ ថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១
សៀមរាប៖ កូវីដ-១៩ជាន់ ក ហេីយ ត្រូវអាជ្ញាធរមកជាន់ ក ថែមទៀត ដែលអាជ្ញាធរខេត្តសៀមរាបបណ្ដេញប្រជាពលរដ្ឋ១៩គ្រួសារចេញពីលំនៅដ្ឋានរបស់ពួកគាត់ ស្ថិតនៅភូមិធ្លុកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ នេះបេីយោងតាមផេកហ្វេសបុកផ្លូវការរបស់លោក ពេជ្រ ស្រស់ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ។
ការបណ្ដេញចេញពីលំនៅដ្ឋាន ដោយអជ្ញាធរខេត្តសៀមរាបនេះ ត្រូវបានសរសេរនៅលេី ផេកហ្វេសបុក ដដែលនេះយ៉ាងដូច្នេះថា “ ប្រជាពលរដ្ឋ១៩គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុក្ខមិនសុខចិត្តជាមួយអាជ្ញាធរខេត្តសៀមរាប ដែលបណ្តេញពួកគាត់ចេញពីលំនៅដ្ឋានរបស់ពួកគាត់ដែលមានចុះបញ្ជី ធ្វេីប្លង់កម្មសិទ្ធិត្រឹមត្រូវទាំងផ្ទះពួកគាត់គ្មានប៉ះពាល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋនោះឡេីយ។
លោក ពេជ្រ ស្រស់ បន្ថែមទៀតលេីផេកហ្វេសបុកថា “ ដោយពួកគាត់ភ័យខ្លាចបាត់បង់ទីជម្រកធ្លាប់រស់នៅយ៉ាងសុខសាន្ត ពួកគាត់ក៏បានរត់មកប្ដឹងខ្ញុំ ពេជ្រ ស្រស់ ដេីម្បីចុះសិក្សាអំពីភាពមិនប្រក្រតីការអនុវត្តការងាររបស់រដ្ឋអំណាចខេត្តសៀមរាបដែលធ្វេីការផ្ទុយពីស្មារតីច្បាប់លំនៅដ្ឋាន”៕