សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកាចំនួន១០លានរៀល ដល់លោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ដើម្បីលើកទឹកចិត្ត និងជួយសម្រួលការលំបាក

0
1370

ចេញផ្សាយ ថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ ក្នុងនាមជាមាតាមួយរូប​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានសម្តែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ​ស្ត្រីជាមាតាគ្រប់រូប ដែលបានលះបង់គ្រប់បែបយ៉ាង​ដែលក្នុងស្ថានភាពជាស្ត្រី​ មានភារកិច្ចទទួលខុសត្រូវទ្វេដងលេីស​ពីបុរស​ គឺបំពេញការងារស្នូលក្នុងអង្គភាពស្ថាប័ន​ផង​ និងត្រូវចិញ្ចឹមបីបាច់ថែទាំកូនតាំងពីនៅក្នុងផ្ទៃរហូតកេីតមក​ និងបន្តដល់ពេលពេញវ័យផង​ និងមិនដែលបោះបង់កូនទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

យ៉ាងណាម៉ិញ​ បន្ទាប់ពីបានឃេីញករណីលោកស្រី​អនុសេនីយ៍​ទោ​ ស៊ីថុង​ សុខា​ បានបំបៅកូននៅតុការងារតាមផ្លូវ​ក្នុងពេលបំពេញការងារផងនោះ​ កាលពីថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់ឱ្យឯកឧត្តម​ ម៉ុម​ សារឿន​ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ ចុះសួរសុខទុក្ខ​ និងនាំយកថវិកា​ចំនួន១០លានរៀល​ ផ្តល់ជូនដេីម្បីជាការលេីកទឹកចិត្ត​ និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកស្រី​អនុសេនីយ៍​ទោ​ ស៊ីថុង​ សុខា​ បានសម្តែងនូវក្តីរំភេីបរីករាយឥតឧបមា​ បន្ទាប់ពីបានដឹងថា​ ករណីរបស់លោកស្រីបានជ្រាបទៅដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ហេីយថែមទាំងទទួលបានការគិតគូរ​ យក​ចិត្តទុកដាក់យ៉ាងកក់ក្តៅ​ ដែលនេះជាការលេីកទឹកចិត្ត​ និងផ្តល់តម្លៃយ៉ាងធំធេង​ ចំពោះស្ត្រីជាមាតាគ្រប់រូប។ លោកស្រី​បានបួងសួងគោរពជូនពរដល់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតាមនុស្សធម៌​ និង​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ សូមសម្តេចទាំងទ្វេ មានសុខភាពល្អ​ រឹងមាំ​ អាយុយឺនយូរ​ ដេីម្បីជាម្លប់​ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា​ក្រោមម្លប់នៃសន្តិភាព៕