អភ័ព្វណាស់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់មួយកំណាត់ខ្លួន ត្រូវប្រពន្ធរត់ចោល ទទួលអំណោយសប្បុរសធម៌ពីកាកបាទក្រហមកម្ពុជា

0
893

ចេញផ្សាយ ថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ ដោយមេីលឃេីញពីទុក្ខលំបាក​ និងក្តីអាណិតអាសូរយ៉ាងពន់ពេក កាលពីថ្ងៃសុក្រ​ ទី១២ ខែមីនា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាចំនួន១០លានរៀល ផ្តល់ជូនលោក ឡុង ប៊ុនណា ដែលរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ​ កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ​ បណ្តាលឱ្យស្លាប់មួយកំណាត់ខ្លួន ហេីយត្រូវប្រពន្ធបោះបង់ចោលទុកឱ្យរស់នៅយ៉ាងកម្សត់ក្នុងខ្ទមក្បែរមាត់ទឹកតែម្នាក់ឯង។ ដោយឃេីញបែបនេះ​ ម្តាយមីង​ បាននាំយកមកមេីលថែនៅក្នុងផ្ទះជួល​ជាបណ្តោះអាសន្ន ស្ថិតនៅភូមិ១ ក្រុមទី៤ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ ម៉ែន  នារីសោភ័គ  អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ  និងចូលរួមសោកស្តាយចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង។

ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ​ ត្រូវប្រឹងប្រែងតស៊ូដេីម្បីជីវិតរស់នៅបន្តទៀតទោះបីជាពិការកាយ​ តែសូមកុំពិការចិត្ត ជាពិសេស​ រស់នៅមានអនាម័យ​ អនុវត្តឱ្យបានខ្ជាប់ខ្ជួន​ ៣ការពារ​ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។​ ទន្ទឹមនឹងនេះ​ លោកជំទាវ​ បានផ្តាំផ្ញេីដល់ម្តាយមីង​ សូមបន្តជួយមេីលថែទាំក្មួយកំព្រាពិការ​ ជាបន្តទៀតផង​ ដេីម្បីភាពកក់ក្តៅ​ និងជាទីពឹងពាក់ក្នុងជីវិត។

លោក ឡុង ប៊ុនណា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរលើកទឹកចិត្ត និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរេីសអេីងអ្វីឡេីយ។

សូមជំរាបថា អំណោយផ្តល់ជូនលោក ឡុង ប៊ុនណា រួមមាន អង្ករ៥០គីឡូក្រាម,មី២កេស,ត្រីខ២០កំប៉ុង,ឃីត(មុងភួយសារុងក្រមាអាវយឺត)២កញ្ចប់​ និងថវិកា១០លានរៀល។ ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារ​ បានផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕