ចេញផ្សាយ ថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១
ភ្នំពេញ៖ សពបុរសជាមេការឡានដឹកដីម្នាក់ ត្រូវបានប្រជាពលរដ្នប្រទះឃើញស្លាប់ក្នុងគុម្ភត្រែង ដីឡូត៍មួយកន្លែងគ្មានលេខ កាលពីវេលាម៉ោង៧.២០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្នុងដីឡូត៍មួយកន្លែងតាមបណ្ដោយផ្លូវថៃហ្គឺ ស្ថិតនៅក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សៅ គ្រឿន ហៅ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមេការឡានដឹកដី ស្នាក់នៅជាមួយបងប្រុស ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមការបំភ្លឺរបស់បងប្រុសសពបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបាត់ដំណឹងតាំងពីថ្ងៃ១១ខែមីនា ឆ្នាំ២០២១ លុះរហូតមកដល់វេលាម៉ោងប្រមាណ៥និង០០នាទីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ មានកម្មករសំណង់នៅជិតទីតាំងខាងលើ បានធុំក្លិនស្អុយ ក៏ចេញដើររកមើលស្រាប់តែប្រទះឃើញសពមនុស្សជាប្អូនប្រុសខ្លួនក្នុងគុម្ពត្រែង មានរុយរោមស្អុយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយទទួលព័ត៌មាន សមត្ថកិច្ចនិងក្រុមគ្រូពេទ្យជំនាញបានចុះដល់ទីតាំងកើតហេតុបានត្រួតពិនិត្យនិងធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារករណីឃាតកម្ម ដោយមានស្លាកស្នាមអារ.ក និងចាក់លើដើមទ្រូងចំនួន៧កន្លែង។
ជាមួយគ្នានេះ សម្ភារៈរបស់ជនរងគ្រោះត្រូវបាត់បង់រួមមាន៖ ម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរី២០២០ ០១គ្រឿង.ទូរស័ព្ទ០១គ្រឿង.គ្រឿងអលង្ការមួយចំនួន.លុយក្នុងខ្លួន ៤០០$។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រែកឯង៕